យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា មានស្ថានីយ៏ប្រេងមួយកន្លែងស្ថិតនៅភូមិអំពិល ឃុំស្លាស្រុកសំរោង ខេត្តតាកែវ កំពុងលួចសាងសង់ដោយគ្មានច្បាប់អនុញ្ញាតិ ហើយកន្លងមកអាជ្ញាធរស្រុកក៏បានដាក់កម្លាំងចម្រុះចុះទៅហាមឃាត់ ដោយតម្រូវឲ្យម្ចាស់ទីតាំងរត់ការច្បាប់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសសិន ទើបឲ្យសាងសង់បន្ត ប៉ុន្តែម្ចាស់ទីតាំងនេះ នៅតែលួចសាងសង់ជាដដែល។
នៅពេលស្នើសុំធ្វើការសម្ភាសន៍ ម្ចាស់ទីតាំងស្ថានីយ៏ប្រេងនោះ មិនបានបង្ហាញអត្តសញ្ញាណរបស់ខ្លួនទេ ដោយថា បើមានការអីឲ្យទៅសួរលោក អ៊ុក សំណាង ដែលជាប្រធានមណ្ឌលកុមារ នៃក្តីសង្ឃឹម ស្រុកព្រៃកប្បាស ព្រោះខ្លួនធ្វើតែតាម លោក អ៊ុក សំណាង ជាអ្នកបញ្ជានោះទេ។
លោក អ៊ុក សំណាង ប្រធានមណ្ឌលកុមារ នៃក្តីសង្ឃឹម ស្រុកព្រៃកប្បាស យើងមិនអាចធ្វើការទំនាក់ទំនងដើម្បីសុំការបំភ្លឺបានទេនៅថ្ងៃនេះ។
ពាក់ព័ន្ធបញ្ហានេះដែរ លោក កេត ម៉ៅ អភិបាលស្រុកសំរោងបានថ្លែងថា លោកបានដាក់កម្លាំងឲ្យចុះទៅឃាត់កាសាងសង់ស្ថានីយ៍ប្រេងខាងលើនោះហើយ គឺដោយសារការសាងសង់គ្មានច្បាប់អនុញ្ញាតិ ។ ហើយថា ក្រោយកម្លាំងលោកចុះទៅហាមឃាត់ ស្រាប់លេចចេញលោក អ៊ុក សំណាង មកអន្តរាគមន៍ ដោយសុំសាងសង់បន្ត តែលោកបដិសេធដោយតម្រូវឲ្យមានច្បាប់ ឬក៏មានការឯកភាពពីថ្នាក់លើមក ទើបលោកអនុញ្ញាតិឲ្យសាងសង់បន្តទៀត។
ចំណែកលោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវ បានថ្លែងថា រាល់ការបើកស្ថានីយ៏លក់ប្រេង ម្ចាស់ស្ថានីយ៏ត្រូវតែសុំច្បាប់អនុញ្ញាតិដល់ក្រសួងរ៉ែ និងថាមពល ដោយមិនមែនត្រឹមមន្ទីររបស់លោកហ៊ានអនុញ្ញាតិឲ្យនោះឡើយ។
យ៉ាងណាក៏ដោយ គេនៅមិនដឹងថា តើលោក អ៊ុក សំណាង ដែលមានតួនាទីជាប្រធានមណ្ឌលកុមារ នៃក្តីសង្ឃឹម ស្រុកព្រៃកប្បាស មានអំណាចអី បានជាហ៊ានកាងឲ្យមានការសាងសង់ស្ថានីយ៍ប្រេងខុសច្បាប់យ៉ាងដូចនេះនោះទេ ហើយគេរំពឹងថា អាជ្ញាធរនឹងចាត់វិធានការរឿងនេះ៕