ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងពិធីសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវ​ការទំនប់​អូរតេធិបតី ស្ថិតនៅ​ស្រុក​អូរាំង ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងារធនធានទឹក និងឧតុនិយមដែលត្រូវអនុវត្តបន្តនៅមានច្រើន។ សម្តេចមានជំនឿយ៉ាងមុតមាំថា ឈរលើសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក មេរៀន បទពិសោធ និងការប្តេជ្ញាចិត្តរបស់ ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ព្រមទាំងការចូលរួម និងកិច្ចសហការពីអ្នកពាក់ព័ន្ធ នឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត សំដៅធានាឱ្យបាននូវប្រភពទឹកគ្រប់គ្រាន់សម្រាប់បម្រើឱ្យគ្រប់វិស័យ ក៏ដូចជាការចូលរួមទប់ស្កាត់ និង ការកាត់បន្ថយនូវគ្រោះមហន្តរាយធម្មជាតិនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យរីកចម្រើនកាន់តែឆាប់រហ័សថែមទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់រដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរពាក់ព័ន្ធនានា អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សូមជួយថែរក្សាសមិទ្ធផលទាំងនេះឱ្យបានប្រើប្រាស់យូរអង្វែង ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និង ធានាសុខដុមនីយកម្មជូនប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការទាំងអស់ឱ្យបន្តខិតខំអនុវត្តឱ្យបានកាន់តែល្អប្រសើរ ដើម្បីសម្រេច បានជោគជ័យថ្មីៗបន្ថែមទៀត ជាពិសេសការដោះស្រាយទុក្ខលំបាក និង តម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យបង ប្អូនប្រជាពលរដ្ឋ កុំឲ្យជឿតាមញុះញង់របស់មេខ្យល់ ដែលអះអាងថាចុះឈ្មោះដើម្បីបានដីសម្បទាន។ សម្តេចធិបតី បានបញ្ជាក់ថា មិនមានគោលការណ៍ចែកដីសម្បទាននោះទេ៕