ព័ត៌មានជាតិ

កម្ពុជា-ចិន រៀបចំ​ពិព័រណ៍ម្ហូបអាហារ​ចុងសប្តាហ៍​នេះ នៅ​ខេត្តសៀមរាប

ពិព័រណ៍​ម្ហូបអាហារ​កម្ពុជា-ចិន (Cambodia-China Gastronomy Week) នឹងប្រព្រឹត្ត​ទៅ​នៅចុងសប្តាហ៍នេះ ពោល​គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០២៤ នៅ​ខេត្តសៀមរាប ដែលមាន​ការ​ចូលរួម​ដាក់តាំង​បង្ហាញ​ម្ហូប​អាហារល្បីៗ​របស់ប្រទេសកម្ពុជា និង​ចិន​ចំនួន​ប្រមាណ ១០០ស្តង់។

បើតាមក្រសួងទេសចរណ៍​កម្ពុជា ព្រឹត្តិការណ៍នេះ គឺត្រូវធ្វើឡើង​ក្នុងគោលបំណង​ជំរុញ​ការ​ផ្សព្វផ្សាយ​ពីមុខ​ម្ហូប និងសក្តានុពល​ទេសចរណ៍​ដ៏សម្បូរ​បែប​របស់​កម្ពុជា​ឱ្យ​កាន់តែទូលំទូលាយ​ទៅកាន់ទីផ្សារ​អន្តរជាតិ ជាពិសេស​ទីផ្សារ​ចិន ព្រមទាំង​ពង្រឹងការ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការល្អ​ក្នុងវិស័យ​ទេសចរណ៍​រវាងផ្នែករដ្ឋ ឯកជន កម្ពុជា-ចិន និងបន្ត​ជំរុញ​យុទ្ធនាការ​ផ្សព្វផ្សាយ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ២០២៤” សំដៅទាក់ទាញទេសចរ និង​វិនិយោគិនចិន​ឱ្យ​មក​ទស្សនា និង​វិនិយោគ​នៅកម្ពុជា​ឱ្យ​កាន់តែច្រើនថែមទៀត។

គួរ​ជំរាបជូនដែរថា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៌នោះ ក្រសួងទេសចរណ៍​ក៏​នឹង​រៀបចំ​ធ្វើសិក្ខាសាលាម្ហូបអាហារ ក្រោម​ប្រធានបទ “Good Food for All” ដែលមានវាគ្មិនល្បីៗ​មក​ចែករំលែក​បទពិសោធស្តីពីម្ហូបពាហារកម្ពុជា និង​ចិន ផងដែរ៕