ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ស្ថិតនៅតាមបណ្តោយផ្លូវ៤៣០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ក្បែររង្វង់មូលផ្សារដើមថ្កូវ ត្រូវអគ្គិភ័យឆាបឆេះគ្មានសល់ កាលពីវេលាម៉ោងប្រមាណ១២និង៤៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
បើតាមសេចក្តីរាយការណ៍ថា ករណីអគ្គិភ័យឆេះផ្ទះ៤ខ្នងជាប់គ្នានេះ ដំបូងគេបានឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅដោយមានផ្សែងខ្មួលខ្មាញ់ ទើបបង្កការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លតអគ្គិភ័យជាច្រើនគ្រឿង មកអន្តរាគមន៍។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍ខាងលើនេះរថយន្តពន្លតអគ្គិភ័យមកចំនួន២១គ្រឿង និងប្រើប្រាស់អស់ចំនួន១៧គ្រឿង អគ្គិភ័យក៏រលត់ទាំងស្រុងតែម្តង។
ចំពោះផ្ទះចំនួន៤ខ្នងខាងលើ គឺរងការខូចខាតទាំងស្រុងតែម្តង សំណាងមិនមានមនុស្សរងរបួសទេ ហើយចំពោះមូលហេតុជាជំហានដំបូងសមត្ថកិច្ចបានសន្ឋិដ្ឋានថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕