ក្នុងសារសំឡេង កាលពីយប់ថ្ងៃទី៩ វិច្ឆិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវដោយទទូចដល់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា សូមចូលរួមធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងម៉ត់ចត់បំផុត ដើម្បីទប់ស្កាត់កុំឲ្យមានការរីករាលដាលជំងឺកូវីដ១៩ ដែលអាចឈានដល់ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន។
សម្តេចតេជោបានបញ្ជាក់ថា ព្រឹត្តិការណ៍៣វិច្ឆិកា បានបង្កឲ្យមានការរំជឺបរំជួលនៅរាជធានីភ្នំពេញ ខេត្តកណ្តាល បន្ទាប់មកខេត្តពោធិ៍សាត់, ខេត្តព្រះសីហនុ, ខេត្តតាកែវ, ខេត្តកំពត និងខេត្តកែប ក្រោយពីមន្រ្តី ព្រមទាំងអ្នកពាក់ព័ន្ធដោយប្រយោលបានធ្វើដំណើរទៅកាន់ខេត្តទាំងនោះ ក៏ដូចជាចូលរួមក្នុងកម្មវិធីផ្សេងៗ ព្រោះតែគិតថា ខ្លួនគឺជាអ្នកពាក់ព័ន្ធដោយប្រយោលប៉ុណ្ណោះ។
ក្នុងន័យនេះ សម្តេចតេជោ បានធ្វើការអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់នោះ សូមធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងហ្មត់ចត់ ព្រោះថា រឿងនេះមិនមែនជារឿងធម្មតាពេកទេ ព្រោះប្រសិនបើមានការចម្លងទៅអ្នកដទៃដែលមិនបានដឹង ហើយបាត់ដាន នោះការឆ្លងនឹងទៅដល់សហគមន៍ ដែលអាចនឹងឈានដល់ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន។
“ខ្ញុំកំពុងតែគិតថា តើត្រូវប្រកាសបិទរាជធានីភ្នំពេញ ឬផ្នែកណាមួយនៅក្នុងប្រទេសឬទេ? ព្រោះថាច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មាននៅក្នុងដៃរួចហើយ ដូច្នេះ ខ្ញុំអាចនឹងស្នើទៅព្រះករុណា ព្រះមហាក្សត្រ ដើម្បីព្រះអង្គឡាយព្រះហស្ថលេខា ដើម្បីដាក់ប្រទេសជាតិ ក្នុងផ្នែកណាមួយ ឬរាជធានីភ្នំពេញ ឬអាចប្រទេសទាំងមូល ក្នុងគ្រាមានអាសន្នបាន ក៏ប៉ុន្តែខ្ញុំមិនចង់ទៅដល់នោះទេ ព្រោះនឹងប៉ះពាល់ទៅដល់សិទ្ធសេរីភាពមនុស្សច្រើនគ្នា ខណៈអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល មានត្រឹមជាង ៩០០នាក់ប៉ុណ្ណោះ”។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំភ័យស្លន់ស្លោ រហូតដល់មានការតម្លើងតម្លៃទំនិញហួសហេតុ ព្រោះថា បច្ចុប្បន្ននេះ យើងនៅអាចគ្រប់គ្រងស្ថានការណ៍បាននៅឡើយទេ៕