ខេត្តកំពង់ធំ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដល់រន្ធត់មួយ បណ្តាលអោយ ស្ត្រីជាម្ដាយបានបាត់បង់ជីវិត ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកកូន២នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវ ១០២ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិបល្ល័ង្ក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
យោងតាមប្រភព ពីសមត្ថកិច្ច បានអោយដឹងថា ជនបង្កដែលមានឈ្មោះស៊ុយ ឡាច ជាមន្ត្រីរដ្ឋបាលព្រៃឈើបារាយណ៍ បានរត់គេចខ្លួនដោយសុវត្ថិភាព។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបាឡែនពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2I-7098 បើកបរក្នុងល្បឿនលឿនដូចបោះពួយហាក់បីដូចជាមានស្ថានភាពស្រវឹងផង។
សមត្ថកិច្ច បានអោយដឹងថា ភាគីម៉ូតូបើកបរដោយឈ្មោះ យ៉ោក វណ្ណនី អាយុ៣៧ឆ្នាំ រស់នៅភូមិបឹង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកពីលិចទៅកើត (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) ពាក់មួកសុវត្ថិភាព។ ចំណែកអ្នករួមដំណើរជាកូនទាំង២នាក់ ឈ្មោះ គុណ ស៊ីណែត ភេទប្រុស អាយុ១៥ឆ្នាំ របួសស្រាល និង ឈ្មោះ គុណ ឧត្តម ភេទប្រុស អាយុ០៨ឆ្នាំ រងរបួសធ្ងន់។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានឌុបកូន ដោយម៉ូតូមកពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាក CAMRY បាឡែន បានបើកមកពីកើតទៅលិច ទំនងជាឡើងជែង ក៏បានជ្រុលទៅបុកម៉ូតូ ពេញទំហឹងតែម្តងទៅ៕