ព័ត៌មានជាតិ

សម្តេចតេជោទម្លាយរឿងឆបោករបស់ លី សាម៉េត ហៅគ្រូមា និងស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងតុលាការ ចេញដីការបង្កកទ្រព្យសម្បត្តិ

សម្ដេចតេជោស្នើឲ្យក្រសួងយុត្តិធម៌ជម្រះបញ្ជីជាមួយលោកលីសាម៉េតករណីដើរឆបោកគេយកលុយរាប់លានដុល្លារ។ នៅរសៀលថ្ងៃទី៧ ខែតុលាឆ្នាំ២០២៤ នេះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានឲ្យដឹងអំពីទង្វើទុច្ចរិតរបស់លោកលីសាម៉េតហៅគ្រូមារ។ សម្ដេចតេជោបានសរសេរនៅលើបណ្ដាញសង្គមថា ដោយរឿងច្រើនពេកថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់ លោក លី សាម៉េត(ហៅគ្រូមា)។

លី សាម៉េតតែងប្រើឈ្មោះខ្ញុំដើរ បោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀតផងដោយប្រាប់គេថា ខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏ បាន ក្នុងពេលដែលលី សាម៉េតមិនដឹងថាផ្ទះខ្ញុំបែរមុខទៅខាងណាផង។ ឆ្នាំ២០២២លី សាម៉េត បោកលុយឈ្មោះសុខ ឡេង១០លានដុល្លារថានយកមកឲ្យខ្ញុំតែពេលសុខ ឡេងផ្តាំឲ្យសួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំ ទ្រី សុខាទើបខ្ញុំដឹងក៏ទាមទារពី លី សាម៉េតប្រគល់ឲ្យ សុខ ឡេង វិញទាំងអស់ដោយពេលនោះយកលី សាម៉េតទៅសួរ ចម្លើយនិងប្រគល់ទទួលប្រាក់នៅស្នងការនគរបាល ក្រុងភ្នំពេញ។

មុននេះប៉ុន្មានថ្ងៃខ្ញុំបានប្រាប់ទៅ លី សាម៉េតឲ្យសងលុយទៅមួង ឃីម ចំនួន២៣មុឺនដុល្លារក្រោយមួង ឃីមបញ្ជូនសារជាវីដេអូរ មកខ្ញុំអមដោយសារសម្លេងឆ្លង ឆ្លើយគ្នា(បានសងរួចហើយ)។

ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក កន សុខកាយ អភិបាល ក្រុងអរីយក្សត្រថាលី សាម៉េត បានយកប្រាក់ពីគាត់ចំនួន៣០មុឺនដុល្លារដើម្បីរត់ការបានតំណែងជា អភិបាលក្រុងអរីយក្សត្រ។

ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំ ជានាយករដ្ឋមន្ត្រី៣៨ឆ្នាំនិងពេលនេះជា ប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមាន ព្រះមហាក្សត្រ ខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំងនិងតំឡើងស័កមន្ត្រីរាប់មុឺននាក់ទាំងសុីវឹលនិងកងកម្លាំងប្រដាប់អាវុធ ខ្ញុំមិនដែលទទួលយកអន្តរាគមន៍ ពីអ្នកណានោះឡើយមិនថា តាមការស្នើសុំឬតាមសំណូកណាមួយនោះឡើយ។ ផ្ទុយទៅ វិញមន្ត្រីមួយចំនួនទទួលបានការតែងតាំងហើយ ទទួលបានការជួយពីខ្ញុំថែមទៀតដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។

ករណីលី សាម៉េតអាចនៅមានមនុស្ស ច្រើនទៀតដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះខ្ញុំទៅប្រើ។
ដើម្បីជំរះបញ្ជីមួយនេះតាមរបៀប ពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែងខ្ញុំសូមស្នើ៖

១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការដើម្បីចេញដីការការពារទ្រព្យសម្បត្តិលី សាម៉េតដើម្បីទុកសងដល់អ្នកចាញ់បោកលី សាម៉េត។

២.អ្នកចាញ់បោកលី សាម៉េតទាំងអស់ដាក់ពាក្យប្តឹងឬទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ។

៣.ឯកឧត្តមគី តិចរៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹងនិងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ចំពោះរឿងមិនអាចសម្រប សម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។

៤.ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល លី សាម៉េតកុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់៕