សង្គម

ទំនងរកអ្នកចេញថ្លៃភ្លើងមិនបានទើបភ្លើងស្តុបនៅផ្សារសំរោងយ៉ោងមិនព្រមភ្លឺ

ខេត្តតាកែវ៖ ទាំងពលរដ្ឋក្នុងខេត្តតាកែវ និងពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗ ដែលបានធ្វើដំណើរឆ្លងកាត់ខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ២ ចំនុចផ្សារសំរោងយ៉ោង ឃុំត្រពាំងសាប ស្រុកបាទី នាំគ្នាលាន់មាត់ថាចុះភ្លើងស្តុបនេះ រៀបចំរួចរាល់យូណាស់ហើយ ម្ដេចបានជានៅងងឹតរហូតអញ្ចឹង។

ពលរដ្ឋបានលើកឡើងទៀតថា នៅចំណុចភ្លើងស្តុបខាងលើ គឺមានចរាចរណ៍មមាញឹកខ្លាំងណាស់រាល់ថ្ងៃព្រោះជាផ្លូវបំបែកជាបួន មានយានយន្តគ្រប់ប្រភេទដែលត្រូវឆ្លងកាត់ហើយក្នុងខេត្តតាកែវទាំងមូល ទើបតែមានភ្លើងស្តុប២កន្លែងប៉ុណ្ណោះ ១គឺភ្លើងស្តុបនៅផ្សាអង្គតាសោម ស្រុកត្រាំកក់ កំពុងដំណើរការរាល់ថ្ងៃ ២គឺភ្លើងស្តុបនៅផ្សារសំរោងយ៉ោងកំពុងងងឹតទាំងយប់ទាំងថ្ងៃ។

ពាក់ពន្ធ័ករណីខាងលើលោកភួន ឈីម ចៅហ្វាយស្រុកបាទី បានអោយដឹងថាភ្លើងស្តុបខាងលើពិតជារៀបចំយូមកហើយមែន តែលោកមិនទាន់ហ៊ានបើកបំភ្លឺព្រោះស្រុកមិនមានលុយចំណាយទៅលើថ្លៃភ្លើង។

លោកបន្តទៀតថា ស្រុកបានចំណាយលុយរាប់លានរៀលក្នុង១ខែៗ ទៅលើថ្លៃភ្លើងបំភ្លឺតាមផ្លូវសាធារណៈចុះបើអោយស្រុកចំណាយលើភ្លើងស្តុបទៀត គឺស្រុកមិនមានសមត្ថភាពទេ៕