(ភ្នំពេញ)៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា មកទល់ពេលនេះ ស្ថានភាពសុខភាពបុរសជនជាតិខ្មែរដែលជាអង្គរក្សការពាររដ្ឋមន្ត្រីការបរទេសហុងគ្រី ហើយត្រូវរកឃើញវិជ្ជមានវីរុសកូវីដ-១៩នោះ មានស្ថានភាពល្អប្រសើរទេ។
“ខ្ញុំសូមបញ្ជាក់ជូនថា សុខភាពអ្នកជំងឺរូបនេះនៅពេលនេះ គឺមិនមានសញ្ញាណាមួយដែលបង្ហាញពីសភាពធ្ងន់ធ្ងរនោះទេ ហើយបច្ចុប្បន្ន គាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត”។ ប្រសាសន៍លោកជំទាវ ឱ វណ្ណឌីន ។
បើតាមការបញ្ជាក់របស់លោកជំទាវ រាល់អ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយបុរសរូបនេះ ខាងក្រសួងសុខាភិបាល បាននិងកំពុងតែធ្វើការងារនេះផងដែរ ហើយលោកជំទាវក៏បានស្នើឱ្យអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោល ជាមួយនឹងអ្នកដែលបានបម្រើការងារក្នុងឱកាសដំណើរទស្សនកិច្ចរបស់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសហុងគ្រី សូមទៅធ្វើតេស្តនៅមណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីចៀសវៀងការព្រួយបារម្ភ និងសង្ស័យអំពីស្ថានភាពសុខភាពរបស់ខ្លួន។
សូមរំលឹកថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើល ក្រោយពីគេបានរកឃើញអង្គរក្សម្នាក់ដែលការពាររដ្ឋមន្រ្តីការបរទេសហុងគ្រី មានវិជ្ជមានកូវីដ១៩ ខណៈមនុស្សប្រមាណជាង ៩០០នាក់ផ្សេងទៀត កំពុងតែតាមដាន និងធ្វើតេស្តរកកូវីដ១៩៕