លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចប្តឹងឧទ្ធរណ៍ទៅនឹងសាលក្រមព្រហ្មទណ្ឌលេខ ៣៨៦៧ (វ) ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ទៅលើសេចក្ដីសម្រេចទាំងមូលរបស់សាលក្រមខាងលើ ដើម្បីឱ្យសភាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ពិនិត្យ និងពិចារណាចំពោះសេចក្ដីសម្រេចនេះឡើងវិញ។
នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានថ្លែងពាក់ព័ន្ធនឹងករណីនេះផងដែរ ដោយសម្តេចបានណែនាំទៅកាន់លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើអធិបញ្ជាទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ដើម្បីប្តឹងសាលាឧទ្ធរណ៍ទៅនឹងសេចក្ដីសម្រេចនេះ ដែលផ្តន្ទាទោសជនជាប់ចោទជាម្ចាស់រថយន្តបង្កជាប់ពន្ធនាគារ ៥ឆ្នាំ និងហាមឃាត់ការបើកបររយៈពេល ៥ឆ្នាំ។
គួរឱ្យដឹងដែរថា បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសជនជាប់ចោទឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០លានរៀល ពីបទ «បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ» ប្រព្រឹត្តនៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានប្ញស្សីកែវថ្មី ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «ករណីនេះទោះបីជាដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់បានទទួលសំណង និងដកពាក្យបណ្ដឹងរួចហើយក៏ដោយ ក៏ចៅក្រមជំនុំជម្រះ បានប្រកាសទោសដាក់ពន្ធនាគារ ក្នុងកម្រិតអតិបរមា នៃទោសដែលច្បាប់បានកំណត់ និងបានប្រកាសទោសបន្ថែមលើជនជាប់ចោទឈោ្មះ នាង សំអូន ដោយហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទរយៈពេល ៥ឆ្នាំ បន្ទាប់ពីបានអនុវត្តទោសចប់ក្នុងពន្ធនាគារ»៕