សង្គម

ផ្អើលហើយ! ចុះស៊ើបអង្កេតហើយ ! ក្រសួងមហាផ្ទៃចុះស៊ើបករណីក្រុមមន្ត្រីនគរបាលខេត្តរតនគិរីដើរយកលុយពីពលរដ្ឋដឹកអុស ទៅលក់ឱ្យវៀតណាម

ប្រភពព័ត៌មានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយក្រុមបានចុះមកស៊ើបអង្កេតករណីមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីដើរយកលុយពី ពលរដ្ឋដឹកអុសម៉ែត្រយកទៅលក់នៅប្រទេសវៀតណាម នោះហើយ។ ប៉ុន្តែថា តើរកឃើញកំហុសឆ្គងយ៉ាងណានោះមិនទាន់ដឹងលទ្ធផលនៅឡើយ។ ពលរដ្ឋកសិករនៅតំបន់ព្រំដែនខេត្តរតនគិរី រង់ចាំមើលលទ្ធផលនៃការ ស៊ើបអង្កេតនោះបានលទ្ធផលយ៉ាងម៉េច?

ប្រភពបានរំលឹកថា នគរបាលខេត្តរតនគីរីបាននាំគ្នាដាក់ប៉ុស្តិ៍ដើម្បីយកលុយពីថ្លៃអុសស្វាយចន្ទីនាំចេញទៅលក់នៅប្រទេសជិតខាង។សមត្ថកិច្ចប្រចាំការនៅលើកំណាត់ ផ្លូវជាតិលេខ៧៨ ក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវនៅបានយកថ្លៃសេវាក្រៅផ្លូវ ការ ចំពោះពលរដ្ឋរកស៊ីដឹកអូសម៉ែត្រឆ្លងទៅប្រទេសវៀតណាម។សមត្ថកិច្ចច្រើនស្ថាប័ន បង្គាប់ទារប្រាក់ពីប្រជាពលរដ្ឋដឹកអុសយកទៅលក់នៅប្រទេសវៀតណាម ដែលក្នុង១ស្ថាប័នត្រូវគេប្រាប់ថា យក២ម៉ឺនរៀលគ្រាន់បានជួយទប់ថ្លៃបាយទឹក។ នេះបើតាមក្រុមប្រជាពលរដ្ឋដឹកអុសចន្ទីទៅលក់នៅប្រទេសវៀតណាមបានប្រាប់ក្រុមអ្នកយកព័ត៌មាន ។

ប្រជាពលរដ្ឋដឹកអុសចន្ទីបានរៀបរាប់ថា មានក្រុមអស់ លោកសមត្ថកិច្ចប្រចាំការ លើកំណាត់ផ្លូវជាតិលេខ៧៨ ក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវរួមមាន៖គយចល័តសាខា គយនិងរដ្ឋាករ ខេត្តរតនគិរី,កម្លាំងអាវុធហត្ថខេត្ត,កម្លាំងនគរបាលប្រឆាំងបទល្មើសខេត្ត។ ពួកគាត់បន្តថា ក្រៅពីកម្លាំងសមត្ថកិច្ចខាងលើមានកម្លាំងយោធាវរសេនាតូចការពារព្រំដែនលេខ២,កម្លាំងនគរបាលវរសេនាតូចការ ពារព្រំដែនលេខ៦២៣ និងសមត្ថកិច្ចប្រចាំការច្រកទ្ធារអន្តរជាតិអូរយ៉ាដាវផងដែរ។ ប្រជាពលរដ្ឋ អ្នកដឹកអុសនិយាយថា អុស១រថយន្តលក់បាន៨ម៉ឺនរៀលគឺមិនគ្រប់សម្រាប់បង់ឲ្យសមត្ថកិច្ចនៅច្រកព្រំដែនជាច្រើនស្ថាប័ននោះឡើយ។

ពួកគាត់បញ្ជាក់ឲ្យដឹងទៀតថា អុសចន្ទីគឺកាប់ក្នុងចំការខ្លួនឯងផ្ទាល់ និងមួយចំនួនម្ចាស់ដទៃ ឲ្យកាប់យកអុស (សម្អាតចំការគេឲ្យស្អាត)ស្ថិតក្នុងភូមិគងធំ,ភូមិអ៊ុន,ភូមិតេន,ភូមិលែរជាដើម(ស្រុកអូរយ៉ាដាវ)ហើយប្រមូលដាក់ គោយន្តដឹកទៅលក់នៅប្រទេសវៀតណាមក្នុងចំងាយផ្លូវប្រមាណ១៥-២០គីឡូម៉ែត្រក្នុង១តោនលក់តម្លៃ៧- ៨ ម៉ឺនរៀល (ទុកក្នុងចំការគឺដុតចោល)។ ពួកគាត់គិតថា ដឹកអុសលក់ឲ្យវៀតណាមគ្រាន់បានកម្រៃទប់ទល់ជីវភាពខ្លះ ប៉ុន្តែពេលនេះគឺមិនអាចទៀតទេ មានតែដុតចោលនៅក្នុងចំការតែប៉ុណ្ណោះ។ ពលរដ្ឋអ្នកដឹកអុស បែរ ជាអស់សំណើចទៅវិញ នៅពេលដែលមន្ត្រីគយមើល ទៅហាក់ដូចជាក្រ រហាមខ្លាំងណាស់ បានជាខំមកសុំលុយពីពួកគាត់២ម៉ឺនរៀលនោះ។

ទាក់ទិននឹងកម្លាំងសមត្ថកិច្ចដាក់កុងត្រូលជជុះចាំយកលុយពីប្រជាពលរដ្ឋដឹកអុសចន្ទី និងរថយន្តដឹកទំនិញផ្សេងៗឆ្លងកាត់​ទៅវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវខាងលើនេះដែរ លោកហេង ប៊ុន្នី អភិបាល ស្រុកអូរយ៉ាដាវបានប្រាប់អ្នកយកព័ត៌មានយ៉ាងខ្លីថា ចាំឲ្យអភិបាលរងស្រុកម្នាក់ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចុះត្រួតពិនិត្យមើលបញ្ហានេះ។

មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តរតនគិរីបានលើកឡើងស្រដៀងគ្នាថា សមត្ថកិច្ចពួកគាត់ស៊ីប្រាក់ខែរដ្ឋ(លុយបានពីប្រជាពលរដ្ឋបង់ពន្ធជូនរដ្ឋ)បែរជាមិនធ្វើការបម្រើប្រជារាស្ត្រ បែរជានាំគ្នាជាន់ករាស្ត្រទៅវិញ គ្រាន់តែដឹកអុសចន្ទីពីចំការខ្លួនឯងទៅលក់សោះក៏កៀបយកលុយដែរគឺអនុវត្តផ្ទុយពីការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។

ប្រភពបានឲ្យដឹងថា មន្ត្រីនគរបាលសេដ្ឋកិច្ចក្រោមឱវាទនៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជាអ្នកដែលដើរប្រព្រឹត្តអំពើមិនគប្បីធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់លើរាជរដ្ឋាភិបាល។ ប្រភពខ្សិបថា គឺកូនចៅរបស់លោកអ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគីរី តែងតែប្រព្រឹត្តអំពើផ្ដេសផ្ដាសយកលុយកាក់ពីប្រជាពលរដ្ឋ រកស៊ីបន្តិចបន្តួច រួមទាំងអ្នកដឹកអុសកាលពីប៉ុន្មានខែនោះផង៕