ព័ត៌មានជាតិ

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនិងរដ្ឋបាលស្រុកកែវសីមាដាំកូនត្នោតបាន១៧០ដើមនៅតាមបង្គោលព្រំដែន កម្ពុជា-វៀតណាម

ខេត្តមណ្ឌលគិរី÷នៅព្រឹកថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ ២០២៤ មន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី,មន្ត្រីការិយាល័យដែន ជម្រកសត្វព្រៃកែវសីមា សហការជាមួយរដ្ឋបាលស្រុកកែវសីមា ដាំកូនត្នោតដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចំនួន ៣០០ដើម ដោយមានការចូលរួមពីរដ្ឋបាលសាលាស្រុកកែវសីមា កងកម្លាំងទាំងបី សមាជិកក្រុមប្រឹក្សាស្រុក, មេឃុំ,មេភូមិ សមត្ថកិច្ចជំនាញពាក់ព័ន្ធ និងក្រុមយុវជន (ស.ស. យ.ក)ស្រុកកែវសីមា ដោយដាំបានចំនួន១៧០ ដើម នៅតាមបង្គោលព្រំដែនច្រកទ្វាទ្វេភាគីកម្ពុជា- វៀតណាម ឡាប៉ាខេ។

កូនត្នោតចំនួន៣០០ដើម នឹងត្រូវបានដាំជាបន្តបន្ទាប់ដោយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរស្រុកកែវសីមា នៅតាមក្រវ៉ាត់ព្រំដែនកម្ពុជាជាប់ នឹងប្រទេសវៀតណាម ក្នុងភូមិសាស្រ្តស្រុកកែវសីមាខេត្តមណ្ឌលគិរី ។ កូនត្នោតដែលបានយកមកដាំនេះ ជាអំណោយរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានផ្តល់ជូនរដ្ឋបាលស្រុកកែវសីមានិងក្រុមការងារយុវជនកម្ពុជា យកទៅដាំតាមទីសាធារណៈជាជួរ ជាពិសេសនៅតាមខ្សែក្រវាត់ព្រំដែន របស់ប្រទេសកម្ពុជា ជាមួយប្រទេសជិតខាង។

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ធ្លាប់បានលើកឡើងថា ការដាំកូនត្នោតជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដើម្បីបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» ដែលចូលរួមចំណែក ក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបរិស្ថាន។

ជាបន្តបន្ទាប់ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានផ្តល់កូនត្នោត បន្ថែមទៀត កាលពីពេលថ្មីៗ ជូនដល់សាធារណជន ដាំនៅក្នុងភូមិសាស្រ្តខេត្ត ដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរណ៍ ដែលបានទៅទស្សនាកិច្ចនៅតាមបណ្តាខេត្តជាប់ព្រំដែន អាចដាំកូនត្នោតបាន ដោយក្រសួងនឹងផ្តល់ជូនផងដែរ៕