សង្គម

រន្ធត់ណាស់! ឪពុកចុងសង្ស័យ​ញៀនថ្នាំ យក​កាំបិត​ប៉័ងតោ​អារ​កកូន​អាយុ​៣ឆ្នាំ​នៅក្រុងសៀមរាប

កាលពីវេលាម៉ោង​ប្រមាណ​១រំលង​អធ្រាតឈានចូល​ថ្ងៃទី៩ វិច្ឆិកានេះ មានរឿងរ៉ាវ​ដ៏​គួរ​ឲ្យ​រន្ធត់មួយ​បាន​កើត​ឡើង ក្រោយ​ពីបុរសជាឪពុកចុងម្នាក់បាន​យក​កាំបិតប៉័ងតោ​មក​អារក​កូនអាយុ​៣ឆ្នាំ​បណ្តាល​ឲ្យ​ស្លាប់​ពេលបញ្ជូនទៅ​កាន់មន្ទីរពេទ្យ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅចំណុចបន្ទប់ជួលម្តុំខាងក្រោយសាលារៀនបន្ទាយចាស់ ស្ថិតភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ច​បាន​បញ្ជាក់ថា ជនដៃក្នុង​អំពើ​ឃាតកម្មនេះ គឺមានឈ្មោះ ខឿន វីឡា ភេទប្រុស អាយុ ២៨ឆ្នាំ មានមុខរបរកម្មករសំណង់ និងមានស្រុកកំណេីត ភូមិជ្រៃធំ ឃុំជ្រៃធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកកុមាររងគ្រោះ មានឈ្មោះ ឌឿ សុបញ្ញា ភេទប្រុស អាយុ៣ឆ្នាំ។

តាមសម្តីម្តាយកុមាររងគ្រោះ​បានឲ្យដឹងថា ខណៈ​ដែល​ខ្លួនកំពុង​បោក​ខោអាវ ស្រាប់​តែ​លឺសំឡេង​កូនស្រែក ពេលនោះ​ខ្លួន​ក៏​ស្ទុះ​មក​មើល ក៏​ឃើញ​ប្តី​របស់​ខ្លួន​កំពុង​កាន់កាំបិត​អារក​កូន​ដោយ​ដេក​ផ្កាប់មុខ​នៅ​លើ​គ្រែ ពេលនោះ​ខ្លួន​ក៏​ស្រែកឲ្យ​គេ​ជួយ និង​យក​កូន​ទៅ​មន្ទីរពេទ្យគន្ធបុប្ផាខេត្ត​សៀមរាប តែកូនបាន​ស្លាប់​ពេល​ទៅ​ដល់​មន្ទីរពេទ្យ។

ចំណែក​ជនសង្ស័យ​ក្រោយ​អារកកូនរួចហើយ ក៏​បាន​ជិះ​កង់​រត់គេច​ខ្លួន តែ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ និង​ប្រជា​ការពារឃាត់​ខ្លួន​បាន រួច​នាំ​យកទៅ​សួរ​ចម្លើយ តែជនសង្ស័យបានឆ្លើយវង្វេងវង្វាន់ ព្រោះតែក្នុងខ្លួន​មាន​សារធាតុញៀន៕