ខេត្តមណ្ឌលគីរី÷កាលពីថ្ងៃទី២៣ ខែកញ្ញឆ្នាំ២០២៤ ប្រជាពលរដ្ឋ៩គ្រួសារ ដែលរងគ្រោះដោយការរំលោភដីធ្លីបានដាក់ពាក្យបណ្ដឹងស្នើសុំ សម្តេចធិបតីនាយករដ្ឋមន្ត្រី,សម្ដេចតេជោហ៊ុន សែនប្រធានព្រឹទ្ធសភា និងលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ មេត្តាអន្តរាគមន៍ដោះស្រាយនិងរកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិចព្នងត្រូវបាន ឧកញ៉ា ស្រី ចន្ទ និង លោក សៀក មុន្នី អភិបាលស្រុកអូររាំង ឃុបឃិតគ្នាលួចចុះ បញ្ជីដីរបស់ពួកគាត់ ដែលមានទីតាំងស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ប្រជាពលរដ្ឋ៩ គ្រួសារ ដែលបានរងគ្រោះបាត់បង់ដីធ្លី ដោយ ឧកញ៉ា ស្រី ចន្ទ និង លោក សៀក មុន្នី អភិបាល ស្រុកអូររាំង លួចចុះបញ្ជីយកដីប្រជាពលរដ្ឋមានទំហំ ៣៥,៤២៤ ហិកតា ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលបានកាន់កាប់និងអាស្រ័យផលលើដីនេះ តាំងពីឆ្នាំ១៩៩៧ រហូតដល់បច្ចុប្បន្ន ដោយមាន ដំណាំស្រូវ ដំឡូងមី ដើមខ្នុរ ដើមស្វាយចន្ទី និងដំណាំចម្រុះផ្សេងៗ និងដីមួយ ផ្នែកទៀតសម្រាប់ចិញ្ចឹម គោ ក្របី។ ការកាន់កាប់ និងអាស្រ័យ ផលរបស់យើងខ្ញុំក្នុងរយៈពេលប្រមាណ ២៣ ឆ្នាំ កន្លង មកនេះ ពុំមាននរណាម្នាក់ជំទាស់តវ៉ានោះទេ។
ស្រាប់តែក្នុងឆ្នាំ ២០២០ លោក សៀក មុន្នី បានលួចចុះ បញ្ជីដីនេះ ឱ្យទៅ ឧកញ៉ា ស្រី ចន្ទ និងធ្វើរបងហ៊ុមព័ទ្ធដីរបស់យើងខ្ញុំ តែមកដល់ពេលនេះលោកស្រីចន្ធូមិនទាន់ ទទួលបានប័ណ្ណកម្មសិទ្ធិនៅឡើយទេ។ ឧកញ៉ា ស្រី ចន្ទូ មិនត្រឹមតែលួចចុះបញ្ជីដីយើងខ្ញុំទេថែមទាំងប្តឹងយើងខ្ញុំទៅអធិការដ្ឋាននគរបាលស្រុកអូររាំង,ប្តឹងទៅអយ្យការ អមសាលា ដំបូងខេត្តមណ្ឌលគិរី ចោទប្រកាន់យើងខ្ញុំថា ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត,លួចលក់,អចលនវត្ថុអ្នកដទៃបំភាន់មន្ត្រីសុរិយោ ដីឬអាជ្ញាធរក្នុងការចុះបញ្ជីដី និងបានដាក់ពាក្យ សុំដីកា សម្រេច រក្សាការពារមិនឱ្យពលរដ្ឋចូលទៅប្រើប្រាស់អាស្រ័យ ផលលើដីចំការរបស់យើងខ្ញុំ ប៉ុន្តែតុលាការបានចេញ ដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការ និងចេញ ដីកា សម្រេចលើកចោលពាក្យសុំដីកា សម្រេចរក្សាការពារ របស់ ឧកញ៉ា ស្រី ចន្ទូ នេះគឺជាការផ្តល់យុត្តិធម៌មួយសម្រាប់យើងខ្ញុំ។
ដោយសារតែឧកញ៉ា ស្រី ចន្ធូ ប្តឹងយើងខ្ញុំជាបន្តបន្ទាប់ និងបារម្ភអំពីការចេញប័ណ្ណកម្មសិទ្ធិផ្តល់ជូនឧកញ៉ាស្រី ចន្ទូ ទើបយើងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មណ្ឌលគិរី,សាលាខេត្តមណ្ឌលគិរី,ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងក្រសួងមហាផ្ទៃ។ ជាលទ្ធផលក្រសួង រៀបចំដែនដីនគរូបនីយកម្មនិង សំណង់ ចេញលិខិតចំនួន២លើកនិង ក្រសួងមហាផ្ទៃ បានចេញ សជណ ចំនួន៣លើក ដែលមានដូចតទៅ៖ លិខិតលេខៈ ៦២៩ សជណ ចុះថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃជម្រាបមក អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ចាត់ចែងឱ្យមានការចុះពិនិត្យ សិក្សាស្រាវ ជ្រាវ និងដោះស្រាយបញ្ហាដូចបានបញ្ជាក់ជូនខាងលើ ដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តដែលមានចែងជាធរមាន រួចឆ្លើយតបទៅសាមីសំណើវិញ។
លិខិតលេខៈ ០៩២ សជណ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៣ របស់ក្រសួងមហាផ្ទៃជម្រាបមក អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ចាត់ចែងឱ្យមានការចុះពិនិត្យនិងពន្លឿនការដោះស្រាយតាមស្មារតីលិខិតលេខ ៦២៩ សជណ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ របស់ ក្រសួងមហាផ្ទៃ ប្រកបដោយតម្លាភាព សុចរិតភាព និងស្មារតីទទួលខុសត្រូវខ្ពស់ រួចឆ្លើយតបទៅ សាមីសំណើវិញ។
លិខិតលេខៈ ៧៤៩ សជណ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃជម្រាបមក អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ពន្លឿនចាត់មន្ត្រីជំនាញឱ្យចុះពិនិត្យ សិក្សា ស្រាវជ្រាវនិងដោះស្រាយបញ្ហាខាង លើដោយផ្អែកលើគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដែលមានចែងជាធរមានរួចធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរមកក្រសួងមហាផ្ទៃ។
– លិខិតលេខៈ ២៩៨៦ ដនស / អសដភ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជម្រាបមក លោកប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី ឱ្យពិនិត្យ និងរាយការណ៍មកក្រសួងវិញ។
-លិខិតលេខៈ ២៦៩ ដនស / អសដភ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រាបមក លោកប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី រាយការណ៍ជូនក្រសួង អំពីលទ្ធផលនៃការពិនិត្យកន្លងមកដើម្បីឱ្យ ក្រសួងមានមូលដ្ឋានចាត់ការបន្ត។
ចាប់តាំងពីក្រសួងមហាផ្ទៃបានចេញ សជណ ជាបន្ត បន្ទាប់រួចមក រដ្ឋបាលខេត្តមណ្ឌលគិរី ក្រោម ការដឹកនាំរបស់លោកថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានចាត់ក្រុមការងារ ចុះពិនិត្យសិក្សាស្រាវ ជ្រាវចំនួន ០២លើក និងបានអញ្ជើញភាគីទំនាស់ចំនួន ៧លើក ដើម្បីសម្របសម្រួលដោះស្រាយលើករណីវិវាទនេះប៉ុន្តែភាគីខាងឧកញ៉ា ស្រី ចន្ធូ និងលោកសៀក មុន្នី អភិបាលស្រុកអូររាំង មិនចូលខ្លួនតាមលិខិតអញ្ជើញ របស់រដ្ឋបាលខេត្តមណ្ឌលគិរី នោះទេរហូតមកដល់ពេលនេះគឺមិនទាន់មានដំណោះស្រាយនៅឡើយ ហេតុ ដូច្នេះបានជាយើងខ្ញុំទាំង ០៩គ្រួសារ សម្រេចដាក់ពាក្យ បណ្តឹងផ្ទាល់មក សម្តេចបវរធិបតី ដើម្បីសុំអន្តរាគមន៍ជួយដោះស្រាយ និងរកយុត្តិធម៌ជូនយើងខ្ញុំ។
ប្រភពបានឱ្យដឹងថា សាលាដំបូងខេត្តមណ្ឌលគិរីបានកោះហៅលោកឧកញ៉ាស្រី ចន្ធូ ឲ្យចូលទៅបំភ្លឺពាក់ព័ន្ធនឹងបណ្ដឹងរបស់រដ្ឋបាលព្រៃឈើពីបទលោកឧកញ៉ាស្រីចន្ធូ ធ្វើរបងរំលោភយកដីរបស់រដ្ឋ។ រីឯលោក ស្រី ចន្ធូ បានដាក់ពាក្យបណ្ដឹងប្តឹងប្រជាពលរដ្ឋថា ដកបង្គោល របងសម្បត្តិសាធារណៈដែលរដ្ឋបាលព្រៃឈើប្ដឹងលោកនោះទៅវិញ។ ប៉ុន្តែគេមិនឃើញរដ្ឋបាលព្រៃឈើដាក់ ពាក្យប្តឹង លោកសៀកមុនី ដែលជាអ្នកយកដីរដ្ឋទៅឲ្យលោកឧកញ៉ាស្រីចន្ធូ នោះទេ។ បើទោះជាយ៉ាងណា ក៏ ដោយ រហូតមកដល់ពេលនេះ មិនឃើញមានចំណាត់ ការយ៉ាងណាចំពោះលោកសៀក មុនី អភិបាលស្រុកអូររាំងនោះឡើយ ទាំងខាងរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក៏ដូចជាសាលាដំបូងខេត្ត។
ប្រភពបានបញ្ជាក់ថា បញ្ហានេះគឺស្ថិតនៅលើការទទួល ខុសត្រូវរបស់លោកសៀក មុនី អភិបាលស្រុកអូរាំងនោះទាំងស្រុង។ នរណាក៏ដឹងដែរថាលោកសៀកមុនី ជាមន្ត្រីរាជការផង និងជាឈ្មួញអ្នករៀបចំដីហើយអ្នកមានធំៗនៅភ្នំពេញនោះផង។ ក្នុងនាមជាអាជ្ញាធរស្រុកលោកដឹងថាដីណាដែលអាចរំលោភបំពានយកឆៅៗដើម្បីលក់ឲ្យអ្នកមានអំណាចមានលុយនៅឯភ្នំពេញបានដោយងាយ។ ដូចករណីខាងលើនេះ បើទោះបីជារដ្ឋបាលខេត្តបានព្យាយាមហៅភាគីទំនាស់ទាំងអស់ទៅជួបតទល់មុខគ្នាយ៉ាងណាក៏ដោយ ក៏យ៉ាងហោចណាស់៣លើកមកហើយបទាំងលោកឧកញ៉ាស្រីចាន់ ចន្ធូនិងលោកសៀក មុន្នី មិនចូលខ្លួននោះឡើយ៕