ខេត្តក្រចេះ÷អមជាមួយរូបថត ៤ សន្លឹកពីខេត្ត ក្រចេះ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រចេះ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ស្ថានភាពទឹកជំនន់ទន្លេមេគង្គនៅខេត្តក្រចេះមានកម្ពស់ ២១,៦០ម៉ែត្រ កើនឡើង ០,២០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញកម្ពស់ ២១,៤០ ម៉ែត្រ។ កម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្នគឺ ២២ ម៉ែត្រ។
ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះលោកនេត្រ ភក្ត្រា បានណែនាំដល់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាក្រុម ការងារទាំងអស់យកចិត្តទុកដាក់ខ្ពស់សហការជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់ដើម្បីជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់ទឹកជំនន់ខ្លាំង និងត្រៀមលក្ខណៈបង្ការផ្សេងៗ។
ជាមួយគ្នានេះលោកនេត្រ ភក្រ្តា បានអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ប្រកាន់នូវវិធានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសវេចខ្ចប់ទុកដាក់របស់របរផ្សេងៗដែលងាយនឹងខូចខាតឱ្យខ្ពស់ពីទឹក, មើលថែកូនតូចៗឱ្យបានល្អចៀសវាងការគ្រោះថ្នាក់ផ្សេងៗ, ឧស្សាហ៍ពិនិត្យជុំវិញផ្ទះ និងក្នុងផ្ទះខ្លាចក្រែងមានសត្វអសិរពិសរត់ពីទឹកជំនន់មកពួនសម្ងំ ដែលនឹងអាចបង្កគ្រោះថ្នាក់៕