រដ្ឋបាលខេត្តមណ្ឌលគិរី ដោយឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ បានស្នើឲ្យភាគីម្ខាងទៀតដែលរងបណ្ដឹងពីប្រជាពលរដ្ឋចូលខ្លួនមកដោះស្រាយ ប៉ុន្តែទាំងឈ្មួញនិងអាជ្ញាធរស្រុកមិនចូលខ្លួនដោះស្រាយនោះឡើយ។ និយាយឲ្យខ្លីគឺអភិបាលស្រុកអូររាំង លោកសៀក មុនី និងឧកញ៉ាស្រី ចន្ធូ យ៉ាងហោចណាស់បីដងមកហើយមិនចូលខ្លួនតាមការកោះហៅ របស់ក្រុមការងារដោះ ស្រាយវិវាទដីធ្លីខេត្តមណ្ឌលគិរីនោះឡើយ។ ហេតុអ្វីអ្នកអនុវត្តច្បាប់និងអ្នកមានមុខមាត់មិនចូលខ្លួនមកដោះ ស្រាយបញ្ហាដោយសន្តិវិធី?
បើតាមប្រភព រឿងរ៉ាវដីធ្លីខាងលើនេះអូសបន្លាយតាំងពីឆ្នាំ ២០២០។ លោកឧកញ៉ាស្រីចន្ធូ អះអាងប្រាប់មន្ត្រីក្រុមការងារដោះស្រាយវិវាទដីធ្លី។ នៅខេត្តមណ្ឌលគិរីនោះថា លោកមិនមានភាពចាំបាច់ត្រូវចូលខ្លួន ទៅតាមការកោះហៅរបស់រដ្ឋបាលខេត្តនោះទេ ពីព្រោះលោកទិញពីអ្នកដែលមានមូលដ្ឋាន នៅទីនោះស្រាប់ (សំដៅ លើលោកសៀកមុនី អភិបាលស្រុកអូររាំង)។ ក្រុមកាងារខេត្តដឹកនាំដោយលោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរីបានកោះហៅទល់មុខគ្នាចំនួន៣លើក ទាំងលោកសៀក មុនី និងលោកឧកញ៉ា ស្រី ចន្ធូ គេចវេសមិនចូលរួមទេ។ ចំណែកលោកឧកញ៉ា ស្រី ចន្ធូ ប្រាប់ថា គាត់មិនមានអ្វីត្រូវដោះស្រាយទេព្រោះដីនេះគាត់ឱ្យអភិបាលស្រុករៀបចំទិញឱ្យគាត់ មានតែលោក សៀក មុនី ទេដែលត្រូវដោះស្រាយ។ លោកឧកញ៉ាសង្កត់ធ្ងន់ថា “គាត់ជាអ្នកចំណូលថ្មីទេ”។
ប្រភពបានឱ្យដឹងថា សាលាដំបូងខេត្តមណ្ឌលគិរីបានកោះហៅលោកឧកញ៉ាស្រី ចន្ធូ ឲ្យចូលទៅបំភ្លឺពាក់ព័ន្ធនឹងបណ្ដឹងរបស់រដ្ឋបាលព្រៃឈើពីបទលោកឧកញ៉ាស្រីចន្ធូ ធ្វើរបងរំលោភយកដីរបស់រដ្ឋ។ រីឯលោក ស្រី ចន្ធូ បានដាក់ពាក្យបណ្ដឹងប្តឹងប្រជាពលរដ្ឋថា ដកបង្គោល របងសម្បត្តិសាធារណៈដែលរដ្ឋបាលព្រៃឈើប្ដឹងលោកនោះទៅវិញ។ ប៉ុន្តែគេមិនឃើញរដ្ឋបាលព្រៃឈើដាក់ ពាក្យប្តឹង លោកសៀកមុនី ដែលជាអ្នកយកដីរដ្ឋទៅឲ្យលោកឧកញ៉ាស្រីចន្ធូ នោះទេ។ បើទោះជាយ៉ាងណា ក៏ ដោយ រហូតមកដល់ពេលនេះ មិនឃើញមានចំណាត់ ការយ៉ាងណាចំពោះលោកសៀក មុនី អភិបាលស្រុកអូររាំងនោះឡើយ ទាំងខាងរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក៏ដូចជាសាលាដំបូងខេត្ត។ ចំណែកប្រជាពលរដ្ឋដែលជាជនរងគ្រោះបានដើរដាក់ ពាក្យបណ្ដឹងស្ទើរគ្រប់ស្ថាប័នអស់ទៅហើយដើម្បីសុំអន្តរាគមន៍និងចំណាត់ការចំពោះរឿងនេះ។ រដ្ឋបាលខេត្តក៏បានកោះហៅភាគីពាក់ព័ន្ធដើម្បីដោះស្រាយដែលប៉ុន្តែមិនបានលទ្ធផល។
តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បានមកតាំងពីលំនៅលើដីនោះតាំងពីយូរយារណាស់មកហើយ ស្រាប់តែលោកអភិបាលស្រុកអូររាំង ធ្វើឯកសារគ្របយកដីរបស់ពួកគាត់លក់ទៅឲ្យឧកញ៉ាស្រី ចន្ធូ តែម្ដង។ សព្វថ្ងៃពួកគាត់ប្រឈមនឹងការលំបាកជាច្រើន ពីព្រោះដីដែលធ្លាប់តែអាស្រ័យផលត្រូវបានឧកញ៉ា ស្រី ចន្ធូរ គ្រប់គ្រងហើយពួកគាត់ត្រូវចំណាយពេលវេលាចុះឡើងដើម្បីដោះស្រាយរឿងក្តីដែលរដ្ឋបាលខេត្តបានកោះហៅជាញឹកញយ ប៉ុន្តែភាគីលោកឧកញ៉ាស្រី ចន្ធូ ជាពិសេសលោកសៀក មុនី អភិបាលស្រុកអូររាំង មិនចូលខ្លួនតាមការកោះហៅរបស់រដ្ឋបាលខេត្តនោះឡើយ។ ពលរដ្ឋសំណូមពរទៅសម្ដេចធិបតីនាយករដ្ឋមន្ត្រី,ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី,រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសរដ្ឋបាលខេត្តមណ្ឌលគិរីជួយជំរុញល្បឿនរឿងនេះឲ្យបានលឿនផង។
បញ្ហាដែលត្រូវអូសបន្លាយនេះញ៉ាំងឲ្យភាគីប្រជាពលរដ្ឋក្លាយជាជនរងគ្រោះយ៉ាងពិតប្រាកដ។ រងគ្រោះព្រោះតែបាត់បង់ពេលវេលាជាយូរឆ្នាំ មិនបានប្រកបរបរនៅលើដីស្របច្បាប់របស់ខ្លួន។ រីឯស្ថាប័នផ្សេងទៀត ដូចជាមន្ទីរកសិកម្ម ក៏ដូចជាសាលាដំបូងខេត្ត ហាក់ដូចជាមិនបានចូលរួមហើយពេញលេញ ដើម្បីដោះស្រាយបញ្ហានៃការលំបាករបស់ប្រជាពលរដ្ឋនោះឡើយ។ អភិបាលស្រុកអូរាំងធ្វើហាក់ដូចជាមិនដឹងមិនឮ និងមិនមានចេតនាដោះស្រាយបញ្ហានោះឡើយ។ មិនមានចេតនា ក៏ព្រោះ តែលោកជាអ្នករៀបចំរំលោភយកដីស្របច្បាប់របស់ប្រជាពលរដ្ឋទៅលក់ឲ្យលោកឧកញ៉ាស្រី ចន្ធូ។ ដូច្នេះលោកគ្មានអ្វីត្រូវនិយាយជាមួយរដ្ឋបាលខេត្តនោះទេ។
ប្រភពបានបញ្ជាក់ថា បញ្ហានេះគឺស្ថិតនៅលើការទទួល ខុសត្រូវរបស់លោកសៀក មុនី អភិបាលស្រុកអូរាំងនោះទាំងស្រុង។ នរណាក៏ដឹងដែរថាលោកសៀកមុនី ជាមន្ត្រីរាជការផង និងជាឈ្មួញអ្នករៀបចំដីហើយអ្នកមានធំៗនៅភ្នំពេញនោះផង។ ក្នុងនាមជាអាជ្ញាធរស្រុកលោកដឹងថាដីណាដែលអាចរំលោភបំពានយកឆៅៗដើម្បីលក់ឲ្យអ្នកមានអំណាចមានលុយនៅឯភ្នំពេញបានដោយងាយ។ ដូចករណីខាងលើនេះ បើទោះបីជារដ្ឋបាលខេត្តបានព្យាយាមហៅភាគីទំនាស់ទាំងអស់ទៅជួបតទល់មុខគ្នាយ៉ាងណាក៏ដោយ ក៏យ៉ាងហោចណាស់៣លើកមកហើយបទាំងលោកឧកញ៉ាស្រីចាន់ ចន្ធូនិងលោកសៀក មុន្នី មិនចូលខ្លួននោះឡើយ៕