ខេត្តកំពង់ចាម÷កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការសម្រេចចិត្តប្រកបដោយ ទស្សនវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខ រដ្ឋស្តីទី ក្នុងការដក ព្រះរាជាណាចក្រកម្ពុជាចេញពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ ។
ការសម្រេចចិត្តនេះប្រកបដោយស្មារតី និងមនសិការស្នេហាជាតិដ៏អង់អាចមោះមុតនេះ ស្តែង ឱ្យឃើញ នូវការទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះជោគវាសនារបស់ជាតិ និងការតម្កល់ ឧត្តមប្រយោជន៍ ជាតិជាធំ ។ យើងខ្ញុំទាំងអស់គ្នា ចាត់ទុកការសម្រេចប្រកបដោយសុភវិនិច្ឆ័យគ្រប់ជ្រុងជ្រោយនេះ គឺជាការកាត់ផ្តាច់ និងបិទបញ្ចប់អាវុធនយោបាយដ៏ពិសពុល ដែលត្រូវបានប្រើប្រាស់ដើម្បី មូលបង្កាច់ និងវាយ ប្រហារចំពោះរាជរដ្ឋាភិបាល និងបានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានការភ័ន្តច្រឡំមក លើរាជរដ្ឋាភិបាល ថាបានកាត់ទឹកដីឱ្យប្រទេសជិតខាង ហើយការញុះញង់បំផុសបំផុលប្រជាជនឱ្យចូលរួម អនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុក បង្កអស្ថិរភាពដល់សង្គមជាតិកន្លងទៅថ្មីៗនេះ ។ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ
ទូទាំងខេត្តកំពង់ចាម បន្តជឿជាក់យ៉ាងមុតមាំទៅលើគោលនយោបាយដឹកនាំរបស់អគ្គមគ្គទេសក៍ដ៏ ប៉ិន ប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដ៏ឈ្លាសវៃស្វាហាប់ ក្នុងការបន្តថែរក្សា ការពាររឹងមាំនូវ អធិបតេយ្យជាតិ បូរណភាព ទឹកដី និងការបន្តជំរុញលើកកម្ពស់កិច្ច សហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេស ជិតខាង និងប្រទេសជាមិត្តទាំងក្នុងតំបន់ និងសកលលោក ក្រោមព្រះបារមីដ៏ពិសិដ្ឋនៃព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គតែងគង់ប្រថាប់ជាម្លប់ដ៏សុខដុម និងជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុតនៃប្រជារាស្ត្រខ្មែរ ៕