ព័ត៌មានជាតិ

កម្ពុជានឹងរងឥទ្ធិពលព្យុះ ស៊ូលីក ធ្វើ​ឱ្យមានភ្លៀងធ្លាក់​ពីមធ្យម​ទៅច្រើន ស្ទើរ​ទូទាំង​ប្រទេស

ក្រសួងធនធានទឹក និងឧតុនិយម កាលពីល្ងាចថ្ងៃទី១៩ កញ្ញា បានចេញនូវសេចក្ដីជូនដំណឹងភ្លាមៗ ដោយថា ប្រព័ន្ធវិសម្ពាធទាបដែលស្ថិតនៅសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី១៥ (Tropical Storm) ឈ្មោះ ស៊ូលីក (Soulik) ដោយមានល្បឿនខ្យល់អតិបរមា ៦៥គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្បែរផ្ចិតនៃព្យុះដែលកំពុងស្ថិតនៅកៀកប្រទេសវៀតណាមកណ្តាល ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់ភាគកណ្តាលនៃអាងទន្លេមេគង្គ។

បើតាមក្រសួងធនធានទឹក និងឧតុនិយម ព្យុះនេះធ្វើឱ្យខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំងលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យផ្ទៃមេឃមានពពក ច្រើន ភ្លៀងធ្លាក់ពីមធ្យមទៅច្រើន គ្របដណ្តប់ស្ទើរទូទាំងប្រទេស ហើយខ្យល់បក់ខ្លាំងនៅតំបន់មាត់សមុទ្រ តំបន់ ខ្ពង់រាប និងតំបន់ភ្នំ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់សាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី ឱ្យយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសដែលមានភ្លៀង ផ្គរ រន្ទះ ជាមួយនឹងខ្យល់កន្ត្រាក់ ដែលអាចបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងរលកសមុទ្រខ្ពស់ៗ៕