សង្គម

អាជ្ញាធរស្រុកសំរោងឲ្យ​ឈ្មួញ​កាយអាចម៌ដីលក់ ក្រោម​លេសស្តារអូរ តែប៉ះដល់ដីប្រជាពលរដ្ឋ ផ្អើល​ដល់ថ្នាក់ខេត្តមកដោះស្រាយ

(តាកែវ)៖ កាលពីពេលថ្មីៗនេះ គេឃើញ​ក្រុមការងាររបស់អាជ្ញាធរខេត្ត​តាកែវ ដឹកនាំ​ដោយ​លោក ម៉ឹង វុទ្ធី អភិបាលរងខេត្តបានចុះ​មក​ដោះ​ស្រាយ ក្រោយ​ពីមាន​បណ្តឹង​របស់​ប្រជាពលរដ្ឋថា អាជ្ញាធរ​ស្រុកសំរោង​បានឲ្យ​ឈ្មួញ​កាយប្រឡាយយកអាចម៌ដីលក់ ហើយ​បាន​កាយ​ចូល​ដល់ដីបង្ករបង្កើន​ផល​របស់​ពួក​គាត់ថែមទៀត។

ក្រោយ​ការ​ចុះ​ដោះ​ស្រាយ​នោះ ក៏​បាន​បែកធ្លាយឯកសារគំរោងស្ដារអូរយកអាចម៏ដីលក់នោះ ដោយមានការចុះហត្ថលេខាពីថ្នាក់មេភូមិ ដល់ថ្នាក់ចៅហ្វាយស្រុក តែគេមិនឃើញមានមន្ទីរជំនាញពាក់ពន្ធ័នោះចូលរួមដឹងឮនោះទេ។

ឯកសារដែលបែកធ្លាយនោះ គឺពាក្យស្នើរសុំស្ដារអូមានទទឹង ៣០ម៉ែត្រ បណ្ដោយ៩៧៥ម៉ែត្រ ជម្រៅ៤ម៉ែត្រ បាតក្រោម១៥ម៉ែត្រ ស្ថិតនៅភូមិព្រៃស្នូល និងភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

តាម​ប្រជាពលរដ្ឋថា កាលពីខែប្រាំងកន្លងទៅនេះ ក្រុមអាជ្ញាធរពាក់ពន្ធ័ក្នុងស្រុកបានឲ្យ​ក្រុមហ៊ុន​មក​កាយយកអាចម៏ដីលក់ពីការស្ដារអូររាប់ម៉ឺនម៉ែត្រគូប ហើយការកាយយកអាចម៏ដីខាងលើយកទៅលក់នេះ គឺបានកាយលើសចំនួន ដោយ​កាយប៉ះចំដីអាស្រ័យផលរបស់ប្រជាពលរដ្ឋមួយចំនួនថែមទៀតផង។

ក្នុងនោះ លោក ម៉ឹង អុក មេភូមិព្រៃស្នួលបានថ្លែងថា ពិតជាមានការកាយអាចម៏ដីលើសពីពាក្យ​ស្នើរសុំពិតមែន ដោយធ្វើឲ្យ​ប៉ះពាល់ដីអាស្រ័យផលរបស់ពលរដ្ឋ ហើយក៏បែករឿងឈានដល់អាជ្ញាធរខេត្តចុះមកដោះស្រាយតែម្ដងទៅ។

ពាក់ពន្ធ័ករណីខាងលើ លោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវបានថ្លែងថា ខាងមន្ទីរបស់លោកមិនបានទទួលឯកសារពាក់ពន្ធ័នឹងការស្ដាអូរបស់អាជ្ញាធរស្រុកសំរោងនោះទេ ហើយការស្ដារអូរនេះ គឺពាក់ពន្ធ័ជាមួយនិងខាងធនធានទឹក។

នៅថ្ងៃនេះ យើងមិនអាចសុំការបំភ្លឺពីលោក ប៊ុន ហួ ប្រធានមន្ទីរធនធានទឹកខេត្តតាកែវបានទេនៅថ្ងៃនេះដោយទូរសព្ទ័របស់លោកតេចូលហើយ គ្មានអ្នកទទួល។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការ​ចុះ​មក​ដោះ​ស្រាយ​របស់លោក ម៉ឹង វុទ្ធី អភិបាលរងខេត្តតាកែវកាលពីពេលថ្មីៗនេះ គឺមិនទាន់បានសម្រេចយ៉ាងណានោះទេ ដោយទឹកកំពុងលិច ហើយលោកក៏លើកទៅធ្វើ​ការ​ដោះស្រាយនៅរដូវទឹកស្រក់វិញ៕