ក្រសួងសុខាភិបាលម៉ាឡេស៊ី បានរាយការណ៍នៅថ្ងៃអង្គារ អំពីការរកឃើញករណីវិជ្ជមានថ្មី អំពីការឆ្លងមេរោគ Mpox ប្រភេទ Clade 2 ដែលជាកំរិតជំងឺមិនសូវធ្ងន់ធ្ងរ និងបានបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកជំងឺត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងស្ថិតក្នុងស្ថានភាពដែលអាចតាមដាន និងគ្រប់គ្រងបាន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលម៉ាឡេស៊ីបញ្ជាក់ថា ករណីមេរោគ Mpox នេះត្រូវបានរកឃើញកាលពីថ្ងៃចន្ទនៅលើបុរសម្នាក់ ក្រោយពីបុគ្គលនោះបានបង្ហាញរោគសញ្ញាគ្រុនក្តៅ ឈឺបំពង់ក និងក្អក កាលពីថ្ងៃ១១ ខែកញ្ញា និងចាប់ផ្តើមមានចេញកន្ទួលលើស្បែកជាបន្តបន្ទាប់។
គួរឱ្យដឹងថា ម៉ាឡេស៊ីបានរកឃើញវិជ្ជមានវីរុស Mpox ចំនួន ១០ករណីគិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣ ដែលសុទ្ធតែជាប្រភេទវីរុស Clade 2។ ទម្រង់ថ្មីនៃមេរោគ Mpox បានបង្កឱ្យមានការព្រួយបារម្ភជាសកល ដោយសារតែវាហាក់ដូចជាមានភាពងាយស្រួលក្នុងការឆ្លងតាមរយៈសកម្មភាពទំនាក់ទំនងប្រចាំថ្ងៃរបស់មនុស្ស ដែលនឹងអាចនាំឱ្យមានអាការៈជាជំងឺផ្តាសាយ និងមានដំបៅ ខ្ទុះ លើស្បែកជាដើម។
ប្រភពពីក្រសួងសុខាភិបាលម៉ាឡេស៊ីដដែលបញ្ជាក់ថា អ្នកជំងឺគឺជាជនជាតិម៉ាឡេស៊ី ដែលមិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសឡើយ ក្នុងរយៈពេល ២១ថ្ងៃមុនពេលមានលេចចេញនូវរោគសញ្ញានេះ។ បច្ចុប្បន្ន អ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺត្រូវបានអាជ្ញាធរសុខាភិបាលកំណត់អត្តសញ្ញាណរួចរាល់ និងកំពុងត្រូវបានតាមដានស្ថានភាពសុខភាពរបស់ពួកគេ ជាមួយនីតិវិធីប្រតិបត្តិការស្តង់ដារដ៏តឹងរឹង។
កាលពីខែមុន អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា មេរោគ Mpox បានក្លាយជាភាពអាសន្នលើសុខភាពសាធារណៈជាសកល ដែលជាទម្រង់នៃការប្រកាសអាសន្នខ្ពស់បំផុតរបស់ខ្លួនជាលើកទីពីរក្នុងរយៈពេលពីរឆ្នាំ បន្ទាប់ពីមានការផ្ទុះមេរោគនេះឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបានរីករាលដាលដល់ប្រទេសជិតខាងមួយចំនួនក្នុងទ្វីបអាហ្រ្វិក និងសាយភាពទៅកាន់ទ្វីបនានាមួយចំនួនទៀត៕