Meta ដែលគេដឹងថា ជាក្រុមហ៊ុនមេរបស់ facebook បានបញ្ជាក់កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនខ្លួនបានហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយ RT, Rossiya Segodnya និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីផ្សេងទៀតចេញពីវេទិកាបណ្ដាញសង្គមទាំងអស់របស់ខ្លួន ដោយបានអះអាងថាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទាំងអស់នោះមានភាពមិនស្មោះត្រង់ ក្នុងអនុវត្តប្រតិបត្តិការដោយឥទ្ធិពលសម្ងាត់តាមបណ្ដាញអ៊ីនធឺណិត។
តាមរយៈសេចក្ដីថ្លែងការណ៍មួយ ក្រុមហ៊ុន Meta បញ្ជាក់ថា “បន្ទាប់ពីការពិចារណាយ៉ាងយកចិត្តទុកដាក់ យើងបានពង្រីកការអនុវត្តជាបន្តប្រឆាំងទៅនឹងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីរួមមាន Rossiya Segodnya, RT និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ដែលបច្ចុប្បន្ននេះត្រូវបានហាមឃាត់ពីកម្មវិធីនានានៃបណ្ដាញសង្គមរបស់យើងទូទាំងពិភពលោក ដោយសកម្មភាពជ្រៀតជ្រែកពីបរទេស”។
ការអនុវត្តបម្រាមទៅលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់នេះ នឹងចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងមុខនេះ។ សេចក្ដីសម្រេចនេះមានន័យថាបណ្ដាញផ្សព្វផ្សាយដែលរងការហាមឃាត់ និងមិនអាចមានប្រតិបត្តិការលើបណ្ដាញសង្គមទាំងអស់របស់ក្រុមហ៊ុន Meta រួមមានដូចជា Facebook, Instagram, WhatsApp និង Threads ជាដើម។
សេចក្ដីសម្រេចចុងក្រោយនេះបានបង្ហាញកាន់តែច្បាស់ឡើងនូវចេតនាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតរបស់ពិភពលោកប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បន្ទាប់ពីក្រុមហ៊ុន Meta បានអនុវត្តនូវការរឹតបន្ដឹងជាបន្តបន្ទាប់នូវរាល់មាតិកា និងការផ្សព្វផ្សាយពាណិជ្ជកម្មនានារបស់សារព័ត៌មានរុស្សីទាំងនេះ។ គួរឱ្យដឹងថា កន្លងមកសហរដ្ឋអាមេរិកបានចោទប្រកាន់ពីបទលាងលុយកខ្វក់ទៅលើបុគ្គលិករបស់ RT ចំនួន ២នាក់ដែលមន្រ្តីអាមេរិកបានចោទប្រកាន់ថា ពួកគេមានគម្រោងជួលក្រុមហ៊ុនអាមេរិកដើម្បីផលិតមាតិកាអនឡាញដែលនាំឱ្យមានការជះឥទ្ធិពលដល់លទ្ធផលនៃបោះឆ្នោតឆ្នាំ២០២៤។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ថ្លែងថា បណ្ដាប្រទេសនានាគួរតែមានចំណាត់ការឆ្លើយតបទៅនឹងសកម្មភាពនៃប្រព័ន្ធផ្សព្វផ្សាយ RT របស់រុស្សី ដែលពួកគេបានព្យាយាមធ្វើប្រតិបត្តិការស៊ើបការណ៍សម្ងាត់នៅតាមបណ្ដាប្រទេសនានា។ កន្លងមក ប្រព័ន្ធផ្សព្វផ្សាយ RT ក៏បានចំអកទៅលើសកម្មភាពរបស់អាមេរិក និងចោទប្រកាន់សហរដ្ឋអាមេរិកថាព្យាយាមរារាំងស្ថាប័នរបស់ខ្លួនពីការបំពេញតួនាទីជាអ្នកសារព័ត៌មាន៕