ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃទី៥ ខែវិច្ឆិកា ម្សិលមិញ គេបានរកឃើញ និងធ្វើតេស្តមនុស្សចំនួន ២១២នាក់បន្ថែមទៀត ដែលជាអ្នកប៉ះពាល់ជាមួយរដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលធ្វើឲ្យចំនួនអ្នកដែលប៉ះពាល់ជាមួយរដ្ឋមន្រ្តីរូបនោះ សរុបកើនដល់ ៨៤០នាក់។
ក្រោយពីការធ្វើតេស្តនៅថ្ងៃទី៤ និងថ្ងៃទី៥ ខែវិច្ឆិកា ដោយវិទ្យាស្ថានប៉ាស្ទ័រ ពួកគេពុំមានវិជ្ជមានរីរុសកូវីដ១៩នោះទេ។
យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលបានណែនាំដល់ពួកគេត្រូវបន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានឲ្យបានត្រឹមត្រូវ ហើយសូមវិលត្រឡប់មកធ្វើតេស្តឡើងវិញចំនួន៣ដងទៀតនៅវិមានមិត្តភាព នៃទីស្តីការគណរដ្ឋមន្រ្តី ដោយលើកទី២ នៅថ្ងៃទី៩ វិច្ឆិកា, លើកទី៣ នៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០៕