ស្ថានទូតស៊ុយអែតការិយាល័យប្រចាំទីក្រុងភ្នំពេញប្រកាសបិទជាផ្លូវការ និងឈប់ធ្វើការចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ជំនួសវិញដោយស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកកដែលនឹងបន្តតំណាងឱ្យប្រទេសស៊ុយអែតនៅកម្ពុជា។
ស្ថានទូតស៊ុយអែតបានអះអាងថា ការបិទការិយាល័យនេះជាសេចក្ដីសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា។ ហើយចាប់តាំងពីថ្ងៃទី១៦ ខែសីហាមកម៉្លេះ ការគ្រប់គ្រងការគាំទ្រដល់ប្រទេសកម្ពុជា យោងទៅតាមយុទ្ធសាស្ត្រតំបន់សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយអាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានផ្ទេរទៅអង្គការសហប្រតិបត្តិការអន្តរជាតិអភិវឌ្ឍន៍ស៊ុយអែត ក្នុងទីក្រុង Stockholm។
ក្នុងថ្ងៃទី១៦កញ្ញាដដែលនេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញមកបញ្ជាក់ដែរថា រដ្ឋាភិបាលស៊ុយអែតបានសម្រេចដូចខាងលើ ក្រោមហេតុផលនៃការរៀបចំឡើងវិញនៅចំណុចអាទិភាព ដោយសារត្រូវផ្តល់អាទិភាពលើការអភិវឌ្ឍ សេដ្ឋកិច្ច សន្តិភាព និងសន្តិសុខ នៅតំបន់ជិតខាងខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលបរិបទពិភពលោក បន្ទាប់ពីការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
មួយវិញទៀត ក្រសួងការបរទេសស៊ុយអែតបានជូនដំណឹងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អំពីការបិទការិយាល័យស្ថានទូតស៊ុយអែត (Sweden Section Office) នៅរាជធានីភ្នំពេញនេះ តាំងពីកាលពីខែមីនា ឆ្នាំ២០២៤ឯណោះ។ ក្នុងសេចក្ដីបំភ្លឺរបស់ក្រសួងការបរទេសបានសង្កត់ធ្ងន់ថា៖ «អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ សូមប្រកាសទាត់ចោលនូវរាល់ការប៉ុនប៉ងធ្វើការបកស្រាយករណីការបិទស្ថានទូតស៊ុយអែត (Sweden Section Office) នៅរាជធានីភ្នំពេញសម្រាប់បម្រើឱ្យគោលដៅនយោបាយ»៕