ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងនៅថ្ងៃនេះថា បន្ទាប់ពីទទួលព័ត៌មានថា រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី ត្រូវរកឃើញវិជ្ជមានកូវីដ១៩នៅប្រទេសថៃ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្រសួងបានស្រាវជ្រាវរកឃើញអ្នកដែលប៉ះពាល់ជាមួយគាត់ក្នុងរយៈពេលនៃដំណើរទស្សកិច្ចកាលពីថ្ងៃទី៣ ខែវិច្ឆិកា សរុបចំនួន ៦២៨នាក់។
ពួកគេត្រូវបានធ្វើតេស្តវត្ថុសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ទាំងអស់គ្នា ហើយពេលនេះក្រសួងកំពុងបន្តការស្រាវជ្រាវ និងតាមដានជាបន្តទៀត។
ជាមួយគ្នាក្រសួងសុខាភិបាល ក៏បានក្រើនរំលឹក និងធ្វើការអំពាវនាវសារជាថ្មីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួន ដោយត្រូវពាក់ម៉ាស (ក្នុងករណីចាំបាច់) ជាពិសេសនៅពេលចល័តធ្វើដំណើរ និងពេលជួបមនុស្សម្នាច្រើន ប្រើកន្សែង ឬក្រម៉ាខ្ទប់មាត់ពេលក្អក កណ្តាស់ សម្អាតដៃជាប់ជាប្រចាំ រក្សាសុវត្ថិភាពសង្គម និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ ដើម្បីចៀសវាងការចម្លងវីរុសកូវីដ១៩ ដែលអាចកើតមានឡើងគ្រប់ពេលវេលា គ្រប់កាលទេសៈ និងគ្រប់ទីកន្លែង៕