សង្គម

កាត់ទោស​ជនជាតិថៃ២នាក់ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១រយគីឡូ

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែកញ្ញា បានកាត់ទោស​ជនជាតិថៃចំនួន២នាក់ ឱ្យ​ជាប់ពន្ធនាគារអស់មួយ​ជីវិត និង​ពិន័យ​ជាប្រាក់ម្នាក់ៗ​៨០លានរៀល ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនចំនួន១១៨គីឡូក្រាម។

បើតាមលោក ធាម ចន្ទពិសិដ្ឋ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ ជនជាតិថៃទាំង២នាក់នោះ មានឈ្មោះ សែរហឹរ សោមឆាយ SAEHOE SOMCHAI និងឈ្មោះ សែរហឹរ ថាណាត់ SAEHOE THANAT។

គួររម្លឹកផងដែរថា កាលពី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៩) បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់គ្នា ០៣គោលដៅក្នុងភូមិសាស្ត្ររាជធធានីភ្នំពេញ ហើយជាលទ្ធផល កម្លាំងជំនាញបង្រ្កាបបានសារធាតុញៀនមានទម្ងន់ ១១៨៨០៨,៨០ ក្រាម (ជាង១១៨គីឡូក្រាម)។

យោងតាមរបាយការណ៍​របស់​ក្រសួង​មហា​ផ្ទៃ ​ឱ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​២០២៣ ​សមត្ថកិច្ច​បាន​បង្ក្រាប​​បទល្មើស​គ្រឿង​​ញៀន​ជាង៧ពាន់ករណី ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​ជាង​ ១​ម៉ឺន​ ៧​ពាន់​ (១៧.៣៦៣)​នាក់។ ​ក្នុង​ចំណោម​​ឧក្រិដ្ឋ​ជន​​ដែល​​សមត្ថ​​កិច្ច​​ឃាត់​​ខ្លួន​មាន​ជន​បរទេស​ ៤៤១​​នាក់ ​មក​​ពី​​ ១៥​សញ្ជាតិ។ បន្ថែមលើនេះទៅទៀត អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ៦៣ថ្ងៃ ដើម​ឆ្នាំ២០២៤ សមត្ថកិច្ច​បង្ក្រាប​បាន​ការ​ជួញដូរ​គ្រឿងញៀន​ ៦៥៩ករណី ព្រម​ទាំង​ឃាត់​ខ្លួន​មនុស្ស​៣.៨៩៩​នាក់ ពោលគឺ ក្នុង​រយៈ​ពេល​១​ខែ​ដើម​ឆ្នាំ២០២៤ នេះ ករណី​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ខុស​ច្បាប់​មាន​ការ​កើន​ឡើង បើ​ប្រៀបធៀប​ទៅ​និង​រយៈ​ពេល​ដូច​គ្នា កាល​ពី​ឆ្នាំ២០២៣ កន្លង​ទៅ ៕