កាលពីពេលថ្មីៗនេះ លោកនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនាយកដ្ឋានជំនាញ ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ ក្រោយពីមានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុនស៉ីននីវ ដែលទទួលបានអាជ្ញាប័ណ្ណធ្វើ អាជីវកម្មឆ្នោតឡូតូ ហេីយបំប្លែងជាល្បែងស៉ីសង តាមអនឡាញ Keno online ។
បើតាមសេចក្តីរាយការណ៍ថា ក្រុមហ៊ុនស៉ិននីវ បានទទួលអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យធ្វេីអាជីវកម្មឆ្នោតឡូតូ ប៉ុន្តែបើតាមប្រជាពលរដ្ឋរាយការណ៍មកថា ក្រុមហ៊ុននេះបានបំប្លែងឆ្នោតឡូតូ ទៅជាល្បែងស៉ីសង តាមអនឡាញ ដោយពង្វក់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយគ្មានខ្លាចសមត្ថកិច្ចនោះទេ ជាពិសេសក្រុមហ៊ុនមួយនេះបានដាក់តាំងទូរទស្សន៍តាមហាងនានាជាសាធារណៈថែមទៀតផង ។
ពាក់ព័ន្ធ នឹងការចោទប្រកាន់នេះ តំណាងក្រុមហ៊ុនស៉ីននីវ បានថ្លែងថា ក្រុមហ៊ុនរបស់ខ្លួនពិតជាទទួលបាន អាជ្ញា ប័ណ្ណពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច ឲ្យធ្វេី អាជីវកម្មឆ្នោតឡូតូមែន តែមិនបានបេីកល្បែងស៉ីសង តាមអនឡាញនោះឡើយ។
យ៉ាងណាក៏ដោយ លោកឧត្ដមសេនីយ៍ឯក សៀង សេង ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានថ្លែងថា លោកបានទទួលបទបញ្ជាពីអគ្គស្នងការនគរបាលជាតិហើយ ដោយពេលនេះលោកក៏បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវដែរ ហើយបើសមត្ថកិច្ចស្រាវជ្រាវរកឃើញការពិតដូចសេចក្តីរាយការណ៍មែន លោកនឹងចាត់ការតាមច្បាប់ដោយមិនលើកលែងឡើយ៕