សង្គម

ខណ្ឌរដ្ឋបាលជលផលក្រចេះបន្តបង្ក្រាបបទល្មើសនេសាទនៅរដូវហាមឃាត់ដូចភ្លៀងរលឹម

ខេត្តក្រចេះ÷ នៅថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៤ ខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត,ក្រុមប្រឹក្សាសង្កាត់ និងសហគមន៍នេសាទ ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលនៅក្នុងភូមិសាស្ត្រសង្កាត់រកាកណ្តាល និងសង្កាត់អូរឬស្សី ក្រុងក្រចេះ ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖

បានធ្វើការរុះរើ និងបំផ្លាញចោលឧករណ៍នេសាទល្មើសច្បាប់រួមមាន៖ របាំងព្រួលស្បៃមុងចំនួន១៧ខ្សែ មានប្រវែង ៩៥០ម៉ែត្រ,លូស្បៃមុងចំនួន ១៩មាត់លូ, របាំងលប ណរ៉ាវ២ខ្សែដែលមានប្រវែង ១៤០ម៉ែត្រ,លបណរ៉ាវ (លបកាវ) ០៤គ្រឿង,បង្គោលចម្រឹងប្ញស្សីចំនួន ២៦០ដើមនិងបានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ១០០គក្រ ចូលក្នុងបឹងធម្មជាតិវិញ។

លោកម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ បន្តអំពាវ នាវឲ្យប្រជាពលរដ្ឋ,អ្នកនេសាទកុំនេសាទល្មើសច្បាប់នៅរដូវហាមឃាត់។ លោកបន្តថា ខែនេះជារដូវត្រីពងដូច្នេះបងប្អូនប្រជាពលរដ្ឋយើងចូលរួមថែរក្សាការពារធនធានមច្ឆជាតិឲ្យបានរឹងមាំ។ ជាពិសេសមិនត្រូវនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់នោះឡើយ។លោកនាយខណ្ឌបន្តថា ប្រសិននៅតែមានជនប្រព្រឹត្តបទល្មើសនោះ មានតែការអនុវត្តតាមវិធានការច្បាប់តែប៉ុណ្ណោះ៕