ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសវៀតណាមបានរាយការណ៍ថា ស្ពានឆ្លងកាត់ទន្លេក្រហម នៅក្នុងខេត្តភូធូ បានបាក់កាលពីថ្ងៃចន្ទ (៩ កញ្ញា) បណ្តាលឱ្យរថយន្តជាច្រើនគ្រឿងធ្លាក់ចូលទៅក្នុងទន្លេ ព្រមជាមួយមនុស្ស១៣នាក់កំពុងបាត់ខ្លួន។
យោងតាមសេចក្តីរាយការណ៍បឋម ទោចក្រយានយន្ត និងរថយន្តជាច្រើនគ្រឿង បានធ្លាក់ចូលទៅក្នុងទន្លេ តែយ៉ាងណា មនុស្ស៤នាក់ត្រូវបានជួយសង្គ្រោះ ហើយបញ្ជូនទៅមន្ទីរពេទ្យ។ ឧបនាយករដ្ឋមន្ត្រី ហូ ឌឹកភុក ដែលបានទៅដល់កន្លែងកើតហេតុដើម្បីដឹកនាំការងារជួយសង្គ្រោះ បាននិយាយថា ការស៊ើបអង្កេតដំបូងបានរកឃើញរថយន្តប្រហែល១០គ្រឿង និងម៉ូតូពីរគ្រឿងបានធ្លាក់ចូលទៅក្នុងទន្លេ ហើយមនុស្ស១៣នាក់បានបាត់ខ្លួន។
គួរបញ្ជាក់ថា វៀតណាមកំពុងត្រូវបានវាយប្រហារដោយព្យុះយ៉ាកជី ។ ព្យុះយ៉ាកជីបានធ្វើឱ្យប្រជាជនជាង៣លាននាក់ គ្មានអគ្គិសនីប្រើប្រាស់នៅភាគខាងជើងប្រទេសវៀតណាម។ កាលពីថ្ងៃអាទិត្យ ការរអិលបាក់ដីបានសម្លាប់មនុស្ស៦នាក់ រួមទាំងទារកម្នាក់ និងរបួស៩នាក់ទៀតនៅក្នុងទីប្រជុំជនសាប៉ា Sa Pa ។ ជាសរុបមក ព្យុះនេះ បានធ្វើឱ្យមនុស្សស្លាប់ចំនួន២១នាក់ និងយ៉ាងហោចណាស់មនុស្ស២៩៩នាក់បានរងរបួស៕