សង្គម

នគរបាលខេត្តកំពង់ចាមបង្ក្រាបជនសង្ស័យជួញដូរថ្នាំញៀនម្នាក់កំពុងប្រតិបត្តិការជាក់ស្ដែង

ខេត្តកំពង់ចាម÷បន្ទាប់ពីទទួលព័ត៌មានតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានជូនដល់លោក ស្នងការនគរបាលខេត្តកំពង់ចាមនោះមក ជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធនិងករណីជួញដូរគ្រឿងញៀនត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់បានភ្លាមៗហើយកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ករណីបង្ក្រាបនេះបានកើតឡើងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១២ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិប្រាសាទ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្រោយពីទទួលព័ត៌មានពីកម្លាំងភ្នាក់ងារបានរាយការណ៍ថា មានមុខសញ្ញាកំពុងជួញដូរចែក ចាយថ្នាំញៀនភ្លាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពី លោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកបនាំដោយលោក វរសេនីយ៍ឯក រុន រ៉ា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ ករណី (ដោយប្រេីវិធានញុះញង់) ។

បន្ទាប់ពីប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យ ឈ្មោះ កាន ម៉េងហាវ ភេទ​ប្រុស​ អាយុ ៣០ឆ្នាំ ​មុខរបរ កសិករ មានទីលំនៅភូមិប្រាសាទ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ករណីខាងលើសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៣កញ្ចប់, ថ្នាំញៀនប្រភេទគ្រាប់ពណ៌ផ្កាឈូកចំនួន ០១គ្រាប់, ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន និងទូរស័ព្ទ​ដៃចំនួន​ ០១គ្រឿង​​ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំ រឿងបន្តនីតិវិធី៕