សង្គម

លោកតែ គឹមសាន បន្តជីករ៉ែមាសនៅឃុំចុងផ្លាស់ ក្នុងពេលដែលខេត្តពោធិ៍សាត់បង្ក្រាបមនុស្ស១១នាក់ក្នុងបទល្មើសជីករ៉ែមាសខុសច្បាប់

ខេត្តមណ្ឌលគីរី÷ អាជ្ញាធរមានសមត្ថកិច្ចខេត្តពោធិ៍សាត់ នៅថ្ងៃទី៤ខែ កញ្ញា ឆ្នាំ២០២៤ បានបើកប្រតិបត្តិការបង្ក្រាបក្រុមជន សង្ស័យពាក់ព័ន្ធករណីជីកកកាយរណ្ដៅរ៉ែមាស ក្នុងពេលដែលមានសេចក្តីរាយការណ៍មកថា នៅឯខេត្ត មណ្ឌលគិរី បុរសដែលមានឥទ្ធិពលខ្លាំង ជាមួយថ្នាក់ ដឹកនាំអាជ្ញាធររដ្ឋបាលខេត្ត នៅតែបន្តធ្វើសកម្មភាពជីកកកាយរ៉ែមាសក្នុងតំបន់ឃុំចុងផ្លាស់ស្រុកកែវសីមា។អាជ្ញាធរមានសមត្ថកិច្ច ទទួលស្គាល់អំពីភាពខ្លាំងរបស់បុរសម្នាក់នេះ ដែលគាត់បានជាប់ពាក់ព័ន្ធនឹងរបររកស៊ីនៃការជីកកកាយរ៉ែមាសនេះយូរឆ្នាំមកហើយ ហើយក៏ធ្លាប់ជាប់គុកច្រវាក់ម្ដងរួចមកហើយដែរ។

បុរសម្នាក់នោះត្រូវគេប្រាប់ថា ឈ្មោះតែ គឹមសាន នៅតែបន្តធ្វើសកម្មភាពជីកកកាយធ្វើអណ្ដូងមាស នៅតំបន់ដែលមានរ៉ែមាសក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា។ តាមប្រភពបានឲ្យដឹងថា ជិត១០ថ្ងៃមកហើយសកម្មភាពធ្វើ រណ្តៅរ៉ែមាសខុសច្បាប់ជាង ១០កន្លែងនៅចំណុចចំការត្រប់ ភ្នំខៀវ ភូមិអូរក្លរ ឃុំចុងផ្លាស់ ស្រុកកែវសីមា កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង បើទោះបីជាត្រូវបានចុះបង្ក្រាបដោយរដ្ឋបាលខេត្ត និងគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិក៏ដោយ ក៏ពួកគេនៅបន្តលួចធ្វើ បន្ទាប់ពីអាកាសធាតុអំណោយផល។ ប្រភពបានឱ្យដឹងថា សកម្មភាពរបស់លោកតែ គឹមសាន ហាក់ដូចជាមិនញញើតច្បាប់ទម្លាប់ប្រទេសនោះឡើយ។ ប្រការនេះទំនងជាគាត់មានខ្នងបង្អែករឹងមាំ នៅក្នុងរដ្ឋបាលខេត្ត មណ្ឌលគិរីនោះហើយ។

នៅគ្រាដែលខេត្តមណ្ឌលគិរី កំពុងគគ្រឹកគគ្រេងដោយឥទ្ធិពលមន្ត្រីយោធា តែ គឹមសាន កសាងបទល្មើសរណ្ដៅរ៉ែមាសនេះ នៅឯខេត្តពោធិ៍សាត់ករណីបំពាន ច្បាប់ដូចគ្នានេះត្រូវបានបង្ក្រាប។ ប្រភពរាយការណ៍ពីខេត្តពោធិ៍សាត់បានឲ្យដឹងថា សមត្ថកិច្ចចុះបង្រ្កាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់រួមទាំងវត្ថុតាងសម្ភារមួយចំនួន ពាក់ព័ន្ធករណីជីករុករករ៉ែ ដោយគ្មានលិខិតអនុញាត។ ប្រតិបត្តិការនេះលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងឈានដល់បង្រ្កាបរួមទាំងឧបករណ៍ម៉ាស៊ីន និងដកហូតសម្ភារជាវត្ថុតាង និងជនសង្ស័យចំនួន១១ នាក់ដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន១១ នាក់នៅ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នៅភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ។

សម្រាប់នៅឯខេត្តមណ្ឌលគិរីវិញ សមត្ថកិច្ចជំនាញដូចជាមន្ទីរ៉ែនិងថាមពល និងស្នងការនគរបាលខេត្ត,សុទ្ធតែបានដឹងឮអំពីបញ្ហានៃបទល្មើសដែលបានកើតឡើងក្រោមការចាត់ចែងរបស់លោកតែ គឹមសាន ករណីជីក រណ្ដៅរ៉ែមាសនេះ។ ប៉ុន្តែសមត្ថកិច្ចជំនាញហាក់មិនមានវិធានការទាល់តែសោះ បើទោះបីជាលោកតែ គឹមសានធ្លាប់បានប្រព្រឹត្តអំពើបែបនេះយូរឆ្នាំមកហើយក៏ដោយ។ បើតាមការវាយតម្លៃរបស់ពលរដ្ឋ និងអ្នកសង្កេតការណ៍មើលឃើញថា អ្វីដែលបាននឹងកំពុងកើតឡើងនៅខេត្ត មណ្ឌលគិរី គឺជាប្រព័ន្ធនៃការរៀបចំក្រោមឥទ្ធិពលរបស់លោកតែ គឹមសាន ដូច្នេះគ្មាននរណាបង្ក្រាបនរណា បានឡើយ។ សូម្បីតែលោកអភិបាលខេត្តក៏ធ្វើមិនដឹងមិនឮក្នុងរឿងនេះដែរ។

លោកតែ គឹមសាន មិនអាចទាក់ទង ដើម្បីឆ្លើយតបក្នុងរឿងនេះបានទេ។ តែនៅក្នុង group telegram នាគ្រាកន្លងមកលោកតែ គឹមសាន ចាត់ទុកទង្វើបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់ខ្លួន នាគ្រាកន្លងមកនោះ គឺជាគុណសម្បត្តិដ៏ធំធេងមួយ ក្នុងការជួយរកការងារធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍នោះ។ ការលើកឡើងនេះ ហាក់ដូចជាវាយតម្លៃទាបបំផុតចំពោះរដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងការមិនយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕