ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវក្រួសក្រហម១ខ្សែក្បែរវិមានឯករាជ្យ ដែលស្ថិតនៅចំកណ្ដាលក្រុងសែនមនោរម្យ ក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ នៅតែទទូចសុំអង្វរអាជ្ញាធរមូលដ្ឋាន មេត្តាជួយស្ថាបនាផ្លូវល្អ១ខ្សែ សម្រាប់ពួកគាត់ ងាយ ស្រួលធ្វើដំណើរ ដឹកជញ្ជូនកសិករផល និងដឹកកូនៗទៅសាលារៀនជាប្រចាំថ្ងៃ ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើបានឲ្យដឹងថា ផ្លូវក្រួសក្រហម១ខ្សែដែលកំពុងមានការខូចខាតគឺពិបាកធ្វើដំណើរ និងមានស្ថានភាពហុយខ្លាំងនៅរដូវប្រាំង និងរអិលដូចចាក់ខ្លាញ់ក្នុងរដូវវស្សា គឺស្ថិតនៅចំកណ្ដាលក្រុងសែនមនោរម្យតែម្ដង។ ផ្លូវនេះរងការខូចខាតជាយូរ មកហើយប៉ុន្តែមិនឃើញអាជ្ញាធរមូលដ្ឋានដោះស្រាយជូនប្រជាពលរដ្ឋនៅឡើយ។
ក្រុមប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ផ្លូវ១ខ្សែនេះ អាជ្ញាធរមូលដ្ឋាន ក៏ធ្លាប់សន្យាថា នឹងជួយស្ថាបនាផ្លូវបេតុងជូនពួកគាត់ប្រើប្រាស់ផងដែរ ប៉ុន្តែរង់ចាំអស់រយៈពេលជាយូរមកហើយ មិនមានឃើញអាជ្ញាធរមូលដ្ឋានស្ថាបនាផ្លូវបេតុងជូនពួកគាត់ប្រើប្រាស់តាមសន្យានោះទេ។ ប្រជាពលរដ្ឋ បានសំណូមពរ និងសុំអង្វរយ៉ាងទទូចដល់អាជ្ញាធរ និងមន្ត្រីមូលដ្ឋានសូមជួយស្ថាបនាផ្លូវបេតុងឆាប់ៗ ជូនពួកគាត់ប្រើប្រាស់ផង ព្រោះថា ពួកគាត់មានការលំបាកខ្លាំងណាស់។
ចៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ លោកស្រី នេត ឆាយា ឲ្យដឹងថា ចំពោះផ្លូវ១ខ្សែនេះអាជ្ញាធរមូលដ្ឋាន ត្រៀមស្ថាបនានៅចុងឆ្នាំនេះ ហើយបច្ចុប្បន្ន ក្រុមជាងបានដឹកជញ្ជូនលូទៅពង្រាយតាមដងផ្លូវបណ្ដើរៗហើយ ដើម្បីស្ថាបនាជូនពលរដ្ឋ។
គួររំលឹកថា ផ្លូវមួយខ្សែនេះ កាលពីប៉ុន្មានឆ្នាំមុន អាជ្ញាធរមូលដ្ឋាន ធ្លាប់បានឈូសឆាយពង្រីកកែសម្រួលម្ដងរួចហើយ ប៉ុន្តែដោយសារជាប្រភេទផ្លូវក្រួសក្រហម ទើបបណ្ដាលឲ្យខូចឡើងវិញព្រោះទឹកភ្លៀង ។ អាជ្ញាធរមូលដ្ឋាន ក៏ធ្លាប់សន្យាជាមួយពលរដ្ឋច្រើនលើកផងដែរ ចំពោះការស្ថាបនាផ្លូវបេតុងជូនប្រជាពលរដ្ឋប្រើប្រាស់ ប៉ុន្តែផែនការនេះ បានពន្យារហូត មិនទាន់បានស្ថាបនានៅឡើយ គិតរហូតពេលនេះ៕