សង្គម

រាស្រ្តកំពុងរងទុក្ខ​រឿងអត់ផ្លូវដើរ បែរជាចៅហ្វាយស្រុកអង្គរបុរី​រវល់ដើរលេងមិនព្រមដោះ​ស្រាយឲ្យ

រឿងរ៉ាវប្រជាពលរដ្ឋ​ជាង​២០គ្រួសាររស់​នៅ​ភូមិ​ពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ដែល​កើត​ទុក្ខ​មិន​សុខចិត្ត​រឿង​មាន​គេ​ធ្វើ​របងព័ទ្ធ​បិទ​ផ្លូវ​ពួក​គាត់ដែលធ្លាប់ធ្វើដំណើរ​អស់​ជាង​៤០ឆ្នាំ​ធ្វើ​កម្មសិទ្ធិនោះ មកទល់ពេលនេះ គេ​មិន​ទាន់ឃើញ​អាជ្ញាធរចុះ​មក​ដោះ​ស្រាយនោះ​ឡើយ ខណៈ​ពាក្យ​បណ្តឹង​របស់​ពួក​គាត់​បានដាក់​អស់​រាប់អាទិត្យ​ទៅ​ហើយ ដោយ​ក្រុមមន្រ្តី​សាលា​ស្រុកអង្គរបូរីជាប់​រវល់ឈប់សម្រាក។

ចំពោះ​ករណីបិទ​ផ្លូវ​ពលរដ្ឋ​នេះ លោក មឿយ ហ៊ាង មេឃុំបាស្រែបានថ្លែងថា ពិតជាមានបុគ្គលម្នាក់សង់របងបិទផ្លូវពលរដ្ឋធ្លាប់ដើរមែន តែលោកបានហៅបុគ្គលរូបនោះមកឲ្យ​បើកផ្លូវវិញដែរ តែគេប្រាប់ថា បើចង់ឲ្យ​គេបើកគេសុំលុយ៥លានរៀល បើមិនបានទេគេមិនបើកឡើយ។

ចំណែក លោក ឌឿ ជា អភិបាលរងស្រុកអង្គរបុរីបានថ្លែងថា ពាក្យបណ្ដឹងពលរដ្ឋបានដាក់ដល់រដ្ឋបាលស្រុកហើយ តែរង់ចាំលោក ឌឹម កំសាន្ត អភិបាលស្រុកចារសិនថា តើគួរឲ្យ​អ្នកណាជាអ្នកដោះស្រាយករណីនេះ។

ចំណែកឯលោក ឡេង ខូវ ប្រធានការិយាល័យភូមិនបាលស្រុកអង្គរបុរីបានឲ្យ​ដឹងថា ករណីសង់របងបិទផ្លូវពលរដ្ឋនៅចំនុចខាងលើ ក៏ដូចជាបិទផ្លូវរបស់លោកដែរ ព្រោះលោកក៏ដើរតាមផ្លូវនឹងដែរ ហើយ​ថា មិនដឹងអ្នកសង់របងនេះគេអាងលើឯកសារផ្លូវច្បាប់ស្អីនោះទេបានជាហ៊ានធ្វើបែបនេះ៕