ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវឱ្យបណ្តាប្រទេសជាសមាជិក AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក (AIBD) ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់ និងបានអំពាវនាវឱ្យបណ្តាលប្រទេសជាសមាជិក ចូលរួមជាមួយកម្ពុជានៅក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញនូវជំហរគាំទ្រ និងសាទរ។

ការបង្ហាញពីគំនិតផ្តួចផ្តើមលើការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងតំបន់នេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទ”កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៩ និងមហាសន្និបាតលេីកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ” (49th Annual Gathering/22nd AIBD General Conference & Association Meetings) របស់វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅប្រទេសម៉ាឡេស៊ី។ ពិធីនេះមានការចូលរួមពីបណ្តាលប្រទេសសមាជិក១៩ផ្សេងគ្នា និងមានអ្នកចូលរួមប្រមាណ៦០រូប។

នៅក្នុងសុន្ទរកថាបិទ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនគណៈប្រតិភូដែលអញ្ជើញចូលរួម ពីគំនិតផ្តួចផ្តើមរបស់កម្ពុជាអំពីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់ និងបានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិក ចូលរួមជាមួយកម្ពុជានៅក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ គណៈប្រតិភូទាំងអស់ បានបង្ហាញនូវជំហរគាំទ្រ និងសាទរចំពោះគំនិតផ្តួចផ្តើមរបស់កម្ពុជា លើការរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលលើកឡើងដោយឯកឧត្តមរដ្ឋមន្រ្តី។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ចំពោះការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ តាមរយៈការបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងគណៈកម្មការត្រួតពិនិត្យព័ត៌មានក្លែងក្លាយ។

បន្ថែមលើនេះ ក្រសួងព័ត៌មានក៏បាននិងកំពុងរៀបចំយុទ្ធនាការទូទាំងប្រទេស ក្រោមប្រធានបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងបង្កើនការយល់ដឹងដល់ពលរដ្ឋ ទាក់ទងនឹងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនេះ នឹងចាប់ផ្ដើមអនុវត្តនៅចុងឆ្នាំ២០២៤ ដោយឃោសនា និងផ្សព្វផ្សាយជាសាធារណៈ ពីវិធានការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយ ការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាព និងការចែករំលែកព័ត៌មានជាដើម។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ជាមួយនឹងការគាំទ្រ និងការចូលរួមពីសមាជិកទាំងអស់ យើងនឹងអាចសម្រេចគោលដៅរួមក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយពីតំបន់របស់យើង។

គួរបញ្ជាក់ថានៅក្នុងមួយឆ្នាំ២០២៣ កន្លងទៅ ព័ត៌មានក្លែងក្លាយជាង ៣០០០ ត្រូវបានកត់ត្រាទុក ដែលភាគច្រើនពាក់ព័ន្ធនឹងការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបំភ្លៃការពិតដើម្បីញុះញង់ និងបង្កើតឱ្យមានការភាន់ច្រឡំ និងបង្កធ្វើឱ្យសង្គមចលាចលផ្សេងៗដើម្បីក្រុមជ្រុលនិយមប្រើប្រាស់ជាលេស ឈានដល់ការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយមិនប្រជាធិបតេយ្យ៕