ខេត្តកណ្ដាល÷ កាលពីរសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ ប្រជាពលរដ្ឋ ក្នុងក្រុងតាខ្មៅ សម្ដែងការត្រេកអរ និងអរគុណ ដល់កម្លាំងសមត្ថកិច្ចអធិការនគរបាលក្រុងតាខ្មៅ ដែលបានបង្ក្រាប មេឆ្នោតកន្ទុយលេខវៀតណាម ០២នាក់ រួមមាន÷១,ឈ្មោះសរ សុគន្ធី ជាអ្នកកត់ឆ្នោតកន្ទុយលេខវៀតណាមយ៉ាងសកម្ម នៅផ្សារតាខ្មៅថ្មីនិង២,ឈ្មោះភួង សុភា ជាអ្នកកត់ឆ្នោតកន្ទុយលេខវៀតណាមយ៉ាងសកម្ម នៅផ្សារតាខ្មៅចាស់។
លោកយី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានថ្លែង ប្រាប់បណ្ដាញសារព័ត៌មានពេញចិត្តមេឌាឲ្យដឹងថា កម្លាំងអធិការនគរបាលក្រុងតាខ្មៅ ពិតជាបង្ក្រាប បានករណីអ្នកកត់ឆ្នោតកន្ទុយលេខវៀតណាម២នាក់ ពិត ប្រាកដមែន។ លោកបញ្ជាក់ថា ចំពោះអ្នកដែលប្រព្រឹត្តនឹងត្រូវកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ផ្ទុយទៅវិញ តាមប្រភពព័ត៌មានដែលទទួលបានពីពលរដ្ឋនៅតាមតុកាហ្វេខ្សិបប្រាប់ថា ប្រហែលជាមិនមានចំណាត់ការតាមផ្លូវច្បាប់ លើស្ត្រី២នាក់ដែលជាអ្នកកត់ឆ្នោតកន្ទុយ លេខវៀតណាមនោះទេ ។ ប្រភពខ្សិប ថា មានគេកំពុងរត់ការឱ្យស្ត្រីទាំង២នាក់ បាននៅក្រៅសំណាញ់ច្បាប់។
ការបង្ក្រាបករណីល្បែងស៊ីសងដោយកម្លាំងនគរបាលក្រុងតាខ្មៅខាងលើនេះ ហាក់ដូចជាមានការលាក់បាំងមិនបញ្ចេញព័ត៌មានពីស្នាដៃរបស់ខ្លួនឲ្យប្រជាពលរដ្ឋបានដឹងឱ្យទូលំទូលាយនោះទេ ហាក់ដូចជាមានអ្វីជាអាថ៌កំបាំង។ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងតាខ្មៅមានការត្រេកអរ និងអរគុណ ចំពោះចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងក្រុងតាខ្មៅ ដែលបានធ្វើការបង្ក្រាបទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាមដុះស្លែរទាំងពីរកន្លែងនេះ។ ប៉ុន្តែ មិនគួរឱ្យជឿសោះថា ស្ត្រីទាំង២នាក់ នឹងត្រូវដោះលែងស្ងាត់ៗនោះទេ។
យ៉ាងណាក៏ដោយ ពលរដ្ឋសង្ឃឹមយ៉ាងមុតមាំ អាជ្ញាធរនគរបាលក្រុងតាខ្មៅ និងចាត់វិធានការយ៉ាងតឹងរឹង ទៅ លើមេល្បែងឆ្នោតកន្ទុយលេខវៀតណាមទាំងពីរនាក់ជាក់ជាមិនខាន៕