ព័ត៌មានជាតិ

ក្រសួងសុខាភិបាលរៀបចំកន្លែងធ្វើចត្តាឡីស័ក​ជំងឺអឹមផក (Mpox) ក្រោយជំងឺនេះត្រូវបានរកឃើញ​នៅ​ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន

បើតាមសារអត្ថាធិប្បាយលើញគណនីហ្វេសប៊ុករបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយកាលពីថ្ងៃពុធ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូសុខាភិបាល ចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័ក និងដំឡើងឧបករណ៍នានា ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox) នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ក្នុងនោះការចុះត្រួតពិនិត្យនេះ គឺមានគោលបំណង ដើម្បីពិនិត្យរួមគ្នាក្នុងការទប់ស្កាត់ការនាំចូលជំងឺអឹមផក (Mpox clade1.B) នៅតាមបណ្តាច្រកចេញ និងចូលទាំងអស់ ការផ្ដល់វិធានការការពារ ក៏ដូចជាផ្ញើសារក្រើនរឭកដល់អ្នកដំណើរទាំងអស់ជាពិសេសភ្ញៀវអន្តរជាតិ ដែលធ្វើដំណើរចូលមកកម្ពុជា ដោយពង្រឹងនូវយន្តការបន្ថែមយ៉ាងម៉ត់ចត់ក្នុងការតាមដានកម្តៅ ដោយប្រព័ន្ធកាមេរ៉ា ការអង្កេត និងតាមដាន រាល់អ្នកដំណើរគ្រប់ច្រកចេញចូលទាំងអស់។

បើតាមក្រសួងសុខាភិបាល ក្រោយការពិនិត្យ និងតាមដាន ក្រុមការងារ ក៏បានសម្រេចឯកភាពបន្ថែមនូវម៉ាស៊ីនស្កែនកម្តៅ រៀបចំដំទ្បើងរូបភាព និងសារជាវីដេអូសំខាន់ៗ ដែលជាសារអប់រំ និងវិធានការនានា ដល់គ្រប់អ្នកដំណើរ ស្តីពីការការពារ និងប្រុងប្រយ័ត្នជាមួយជំងឺអឹមផក(Mpox)នេះ។ យ៉ាងណាក្រសួងសុខាភិបាល ក៏អំពាវនាវឱ្យប្រជាពលរដ្ឋ ក្នុងករណីមានការសង្ស័យ មន្ត្រីចត្តាទ្បីស័ករបស់ក្រសួងសុខាភិបាល នឹងចាត់ចែងអនុវត្តតាមគោលការណ៍ណែនាំក្នុងការទប់ស្កាត់នឹងឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺឆ្លងមួយនេះឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ កន្លងទៅអង្គការសុខភាពពិភពលោក ឬហៅកាត់ថា WHO បានប្រកាសឱ្យដឹងពីការផ្ទុះឡើងនៃជំងឺអឹមផក (Mpox) នេះនៅក្នុងប្រទេសកុងហ្គោ និងកន្លែងផ្សេងទៀតក្នុងទ្វីបអាហ្រ្វិក ថាជាគ្រាអាសន្នជាសកលកាល ខណៈសមាជិកអាស៊ានចំនួន២ប្រទេស ក៏បានប្រកាសពីការរកឃើញនៃករណីឆ្លងជំងឺនេះផងដែរ។ ក្នុងនោះ នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ (DCD) បានប្រកាសនៅថ្ងៃពុធទី២១ ខែសីហាថា ករណីដំបូងនៃជំងឺអុតស្វា ប្រភេទ (clade1.B) ត្រូវបានរកឃើញនៅក្នុងប្រទេសខ្លួនរបស់អ្នកជំងឺម្នាក់អាយុ៦៦ឆ្នាំ បានធ្វើតេស្តវិជ្ជមានវីរុស (clade1.B) បន្ទាប់ពីបានត្រឡប់មកពីទ្វីបអាហ្រ្វិកវិញ ចំណែកប្រទេសហ្វីលីពីនមាន ក៏មានអ្នកឆ្លងជំងឺមួយនេះផងដែរ៕