ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ស៊ុន ហួរ ត្រូវ​ចាប់ខ្លួន ពាក់ព័ន្ធបទល្មើសឆបោក និង​ក្លែងបន្លំឯកសារ

លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ត្រូវបានកម្លាំងការិយាល័យនគរព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរាបាលរាជធានីភ្នំពេញចាប់ខ្លួន កាលពីល្ងាចថ្ងៃទី២៦ ខែសីហា ពាក់ព័ន្ធបទល្មើសឆបោក និងក្លែងបន្លំឯកសារសាធារណៈ។

លោក សំ វិច្ឆកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និយាយថា លោក ស៊ុន ហួរ ដែលមានអាយុ៥៥ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន តាមបញ្ជារបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងតាមបទបញ្ជាផ្ទាល់ ពីលោកឧត្តសេនីយ៍ឯក ជូន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដែលរងការចោទប្រកាន់ពីបទឆបោក និងក្លែងបន្លំឯកសារសាធារណៈ ដែលមានទំហំទឹកប្រាក់ជិត៤លានដុល្លារអាម៉េរិក ប្រព្រឹត្តិកាលពីកំលុងឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា បច្ចុប្បន្ន ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរាបាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងបញ្ចូនបន្តទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕