លោក ប៉ុល សំអាត និងប្រពន្ធឈ្មោះ ស៊ឹក គឹមឡេង មានទីលំនៅក្នុងភូមិរំលក ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវត្រូវបានពលរដ្ឋប្ដឹងទៅសាលាឃុំបាស្រែ ដោយជំទាស់មិនឲ្យបុគ្គលនេះធ្វើអាជីវកម្មចិញ្ចឹមសត្វទាយកពងនៅក្នុងភូមិដោយមូលហេតុបំពុលបរិស្ថានធ្ងន់ធ្ងរដល់ការរស់នៅរបស់បងប្អូនពលរដ្ឋ សិស្សសាលា គ្រូបង្រៀន និងវត្តអារាមដែលនៅជាប់ទីតាំងចិញ្ចឹម។
ពលរដ្ឋនៅទីតាំងខាងលើបានឲ្យដឹងថា កាលពីពេលកន្លងមកពលរដ្ឋបានរងគ្រោះម្ដងរួចមកហើយ ដោយសារតែអាជីវកម្មចិញ្ចឹមទាយកពងនៅកណ្ដាលភូមិ ហើយពួកគាត់បានផ្ដិតមេដៃប្ដឹងទៅអាជ្ញាធរទម្រាំតែក្រុមអាជ្ញាធរដោះស្រាយចេញ តែនៅពេលនេះស្រាប់តែបុគ្គលខាងលើ ២នាក់ប្ដីប្រពន្ធនេះមកបង្កើតទីតាំងចិញ្ចឹមនៅក្បែរគ្នាបន្តទៀត។
ពាក់ពន្ធករណីខាងលើ លោក មឿយ ហ៊ាង មេឃុំបាស្រែបានឲ្យដឹងថា លោកបានទទួលពាក្យបណ្ដឹងពាក់ពន្ធ័ករណីបុគ្គលពីរនាក់ប្ដីប្រពន្ធបង្កើតទីតាំងចិញ្ចឹមទាយកពងកណ្ដាលភូមិហើយ ហើយលោកក៏បានហៅបុគ្គលទាំងពីរនេះមកនិយាយគ្នារួចហើយថា មិនអាចចិញ្ចឹមបានទេ តែបើរត់ច្បាប់បានគ្រប់គ្រាន់លោកក៏មិនជំទាស់ដែរ។
ចំណែកលោក ស៊ុយ គឹមហេង មន្រ្តីជំនាញបសុពេទ្យប្រចាំស្រុកអង្គរបុរីបានឲ្យដឹងថា ពីរនាក់ប្ដីប្រពន្ធខាងលើបានស្នើរលោកចុះទៅពិនិត្យទីតាំងចិញ្ចឹមទាយកពងនេះរួចហើយ តែលោកបានប្រាប់ថា ចាំលោកឆ្លងទៅខាងមន្ទីរសិនបើសិនខាងមន្ទីរអនុញ្ញាត្ត ទើបអាចចិញ្ចឹមបាន។
លោកបានបញ្ជាក់ទៀតថា ទីតាំងចិញ្ចឹមទានេះគឺមិនអាចចិញ្ចឹមបានទេ ព្រោះខុសច្បាប់ តែលោកថា ចាំឆ្លងមន្ទីរ គឺលោកពន្យាពេលទេ តែច្បាប់មិនអនុញ្ញត្តឲ្យជាដាច់ខាត បើយោងតាមផ្លូវច្បាប់ទីតាំងដែលអាចចិញ្ចឹមបានគឺត្រូវរកទីតាំងឲ្យឆ្ងាញពីអ្នកភូមិ១គីឡូម៉ែត្រ តែបើបុគ្គលខាងលើនៅតែរឹងទទឹងមិនគោរពតាមច្បាប់ប្រាកដជាខាតប្រយោជន៏ធំហើយ៕