ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ពង្រឹងសន្តិសុខព័ត៌មាននៅក្នុងអាណត្តិទី៧

សណ្តាប់ធ្នាប់ក្នុងផ្នែកសារព័ត៌មានត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរក្នុងរយៈពេល១២ខែចុងក្រោយនេះ រាប់ចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣មក ដែលក្រសួងព័ត៌មានបានចាប់ផ្តើមអនុវត្តបេសកកម្មរបស់ខ្លួនក្នុងក្របខណ្ឌនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ នេះជាប្រសាសន៍របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទដើម្បីបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មានរយៈពេល ១ឆ្នាំ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ «ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ក្រសួងព័ត៌មានបានអនុវត្តសកម្មភាពការងាររបស់ខ្លួនជាប្រចាំដោយផ្តោតលើសន្តិសុខព័ត៌មាន ពោលគឺបានជំរុញសុក្រឹត្យភាព និងប្រសិទ្ធភាពការងារដើម្បីធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងសុវត្ថិភាព»។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់បច្ចុប្បន្នភាពជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំថា ក្រសួងព័ត៌មានបានធ្វើបច្ចុប្បន្នភាពស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដែលមានអង្គភាពសារព័ត៌មានទាំងអស់ជាងពីរពាន់ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប ក្នុងនោះស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយអនឡាញមានចំនួនប្រមាណមួយពាន់អង្គភាពដែលកំពុងដំណើរការជាប្រចាំក្នុងការផ្សព្វផ្សាយព័ត៌មានបានដោយសេរី និងដោយឯករាជ្យភាព។

ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ក្រសួងព័ត៌មានបានចេញបណ្ណសម្គាល់អ្នកសារព័ត៌មានចំនួន៨ពាន់បណ្ណហើយ ជូនដល់អ្នកសារព័ត៌មាន ដែលកំពុងប្រកបការងារចុះយកព័ត៌មានដើម្បីផលិត និងផ្សាយព័ត៌មាន។ បណ្ណសម្គាល់អ្នកសារព័ត៌មានទាំងនេះមានភ្ជាប់ប្រព័ន្ធ QR Code ដើម្បីធានាភាពស្របច្បាប់និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ នេះបើតាមយោងតាមការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី នាឱកាសនៃកិច្ចប្រជុំដដែលនេះ។​
ក្នុងក្របខណ្ឌនៃការរៀបចំ និងពង្រឹងការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន ក្រសួងព័ត៌មានបានអនុវត្តទិសដៅការងារអាទិភាពក្នុងការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងព័ត៌មាន ដើម្បីធានាលំហព័ត៌មាននិងសន្តិសុខព័ត៌មាន ព្រមទាំងបានអនុវត្តវិធានការសមស្របក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងដែរថា៖ សុវត្ថិភាពព័ត៌មានជាសសរស្តម្ភដ៏មានសារៈសំខាន់ក្នុងការពង្រឹងសន្តិសុខព័ត៌មាន និងលើកកម្ពស់វិស័យព័ត៌មាននៅកម្ពុជា ក្នុងគោលបំណងដើម្បីទប់ស្កាត់និងប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រតិបត្តិសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ខណៈប្រព័ន្ធផ្សព្វផ្សាយទំនើបបាននិងកំពុងដើរតួនាទីជាប្រភពព័ត៌មានសំខាន់សម្រាប់សាធារណជន។

ក្រោមការដឹកនាំរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលមាន៤ជំពូក និង២៧ចំណុចសំខាន់ៗ ត្រូវបានរៀបចំតាក់តែងឡើង និងត្រូវបានប្រកាសដាក់ឱ្យអនុវត្តសម្រាប់ជានិយាមអប្បបរិមានៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងដើម្បីផ្តល់ជាមូលដ្ឋានគោលការណ៍គ្រឹះរួមសម្រាប់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ ក្នុងការពង្រឹង និងលើកកម្ពស់ការគោរពក្រមសីលធម៌វិជ្ជាជីវៈទាំងអស់គ្នា ព្រមទាំងកសាងជំនឿទុកចិត្តរបស់សង្គមមកលើវិស័យសារព័ត៌មាន។

នាឱកាសជំនួបនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដាក់ចេញជាគោលការណ៍ដឹកនាំសម្រាប់វិស័យសារព័ត៌មាន ដោយក្រសួងព័ត៌មាននឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់ការប្រកបវិជា្ជជីវៈសារព័ត៌មាននៅកម្ពុជា, លើកទឹកចិត្តដល់ការពង្រឹងគុណភាព សមត្ថភាពជំនាញ ការអនុវត្តការងារ និងស្នាដៃល្អប្រកបដោយសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដោយឈរលើមូលដ្ឋានសមភាព គ្មានការរើសអើង គ្មានការគំរាមកំហែង និងមិនប្រកាន់និន្នាការនយោបាយឡើយ, ខណៈបន្តពង្រឹងបច្ចុប្បន្នភាពនៃច្បាប់ និងលិខិតបទដ្ឋានសម្រាប់វិស័យព័ត៌មាន ដើម្បីធានាការការពារសិទ្ធិ សណ្តាប់ធ្នាប់ ការគ្រប់គ្រងនូវគុណភាព និងសុវត្ថិភាពព័ត៌មាន៕