សង្គម

សង្ស័យអភិបាលរងខេត្តបាត់ដំបងម្នាក់ បើករថយន្តបុកសិស្សសាលាស្លាប់ តែសមត្ថកិច្ចថា មានអ្នកបើកបរហើយរត់គេចខ្លួនបាត់

លោក មូល ធន អភិបាលរងខេត្តបាត់ដំបងត្រូវគេសង្ស័យថា បានបើករថយន្តទៅបុកម៉ូតូសិស្សសាលាម្នាក់ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ប៉ុន្តែមន្រ្តីចរាចរណ៍បានបដិសេធ ហើយអះអាងថា «លោក មូល ធន មិនមែនជាអ្នកបើកទេ គឺ គាត់មានតៃកុងបើកជូន ដំណើរ ហើយតៃកុងបានរត់គេចខ្លួនបាត់ ថែមទាំងបិទទូរស័ព្ទទាក់ទង មិនបានទៀតផង»។

បើគិតត្រិមថ្ងៃទី២២ សីហា នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយរថយន្តលោកអភិបាលរងខេត្ត បុកសិស្សសាលារហូតដល់ស្លាប់ខាងលើនេះ បានកើតឡើងជិត១សប្ដាហ៍ហើយ ។ ប៉ុន្តែមន្រ្តីចរាចរណ៍នៅ តែមិនអាចរកមុខអ្នកបើកឲ្យមកទទូលទោសតាមច្បាប់នៅឡើយ ។ ចំណែកឯលោក មូល ធន ដែលអះអាងប្រាប់សមត្ថកិច្ចថា លោកមិនមែនជាអ្នកបើកបរផ្ទាល់ គឺលោកមានតៃកុងបើកជំនួស តែលោកចៅហ្វាយខេត្តរងរូបនេះ បែរជាមិនព្រមប្រគល់អ្នកបើកបររថយន្តរបស់ខ្លួនឲ្យទៅសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ទេ។

សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តរបស់លោក មូល ធន អភិបាលរងខេត្ត ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីព្រឹកថ្ងៃទី១៦ សីហា នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ។ រថយន្តបង្ក ហេតុរបស់លោក មូល ធន ម៉ាកឡិចស៊ីស៤៧០ ពណ៌ បៃតង ពាក់ស្លាកលេខ 2N-9459 ។ រថយន្តនេះ បានបុកជាមួយម៉ូតូជនរងគ្រោះឈ្មោះ លូត វិសាល ប្រុសអាយុ១៦ឆ្នាំ ជាយុវសិស្ស រស់នៅភូមិទូលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខណៈកំពុងធ្វើដំណើរបញ្ច្រាស ទិសគ្នាពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត ។

បើតាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្តលោកអភិបាលរងខេត្ត ធ្វើដំណើរពីទិសខាងលិច ឆ្ពោះទៅខាងកើត ក្នុងល្បឿនលឿនគួសមដែរ។ សាក្សីបន្តទៀតថា ពេលដល់ចំណុចកើតហេតុ គេឃើញរថយន្តបង្កនេះ បន្ថែមល្បឿនប្រឹងឡើងជែងរថយន្តដឹកកក ដែលធ្វើដំណើរស្របទិសគ្នា។

ប៉ុន្តែដោយអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកពេញ ទំហឹងទៅលើម៉ូតូសិស្ស ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យយុវសិស្សរូបនេះស្លាប់ភ្លាមៗនៅនឹងតែម្ដង ។ ក្រោយពេលបុកម៉ូតូ រថយន្តលោកអភិបាលរងខេត្ត បានព្យាយាមបើកទៅឈប់នៅខាងស្ដាំដៃខ្លួនយ៉ាងប្រថុចញ៉ុច ធ្វើឲ្យរថយន្តដឹកទឹកកក ដែលលោកទើបបើកឡើងជែង ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកគូទរថយន្តលោកពីក្រោយថែមទៀត ។ មានន័យថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង ២តង់ផ្ទូនៗ រវាងរថយន្តលោកអភិបាល រងខេត្ត បុកជាមួយម៉ូតូកូនសិស្ស រីឯរថយន្តដឹកទឹកកក ជ្រុលទៅបុកគូទរថយន្តលោកអភិបាលរងខេត្ត។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងរថយន្តលោក មូល ធន អភិបាលរងខេត្តខាងលើនេះ មានការអះអាងផ្ទុយគ្នា ចំពោះអ្នកបើកបររថយន្តលោកមូល ធន ដែលបុកយុវសិស្សស្លាប់ ។

សាក្សីនៅកន្លែងកើតហេតុដែលសុំមិនប្រាប់ឈ្មោះ បានទម្លាយថា គេបានឃើញអ្នកជិះក្នុងរថយន្តនោះចំនួន ២ នាក់ គឺប្រុសម្នាក់ ស្រ្តីម្នាក់។ បុរសនោះពាក់ឯកសណ្ឋានរាជការ ដែលគេស្គាល់ច្បាស់ថា គឺ លោក មូល ធន តែគេមិនស្គាល់ស្រ្តីម្នាក់ ដែលរួមដំណើជាមួយគាត់ទេ។ ហើយគេក៏មិនឃើញមានអ្នកបើបររថយន្តនោះ ក្រៅពីលោកមូល ធន ដែរ។ ប្រភពដដែលបានបញ្ជាក់ថា ក្រោយកើតហេតុ លោក មូល ធន បានចុះពីរថយន្ត តែគាត់មិនរត់ទៅណាទេ។ លុះបន្តិចក្រោយមក ទើបគេឃើញមន្រ្តីចរាចរណ៍ស្រុកសង្កែមកដល់ ។

ដំបូង សមត្ថកិច្ចបានព្យាយាមឃាត់ខ្លួនលោកមូល ធន តែមិនបានមួយដង្ហើមចង្រិត ស្រាប់តែមានលោកធំទូរស័ព្ទអន្តរាគមន៍ឲ្យដោះលែងលោកមូល ធន វិញ ដោយបញ្ជាឲ្យមន្រ្តីជំនាញនាំយកតែវត្ថុតាងពាក់ព័ន្ធទាំងអស់យកទៅកន្លែងសមត្ថកិច្ចដើម្បីដោះស្រាយ ។

ជុំវិញការលើកឡើងខាងលើនេះ មិនអាចស្វែងរកសុំការបំភ្លឺពីលោក មូល ធន អភិបាលរងខេត្ត ដែលជាម្ចាស់រថយន្តបង្កហេតុបានទេ គិតត្រិមម៉ោង៣និង៣០នាទីរសៀលថ្ងៃទី ២២ សីហា នេះ។

ប៉ុន្តែលោក ចាន់ សុធី នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តបានប្រាប់តាមទូរស័ព្ទថា លោក មូល ធន មានបេសកកម្មចុះទៅបំពេញការងារនៅស្រុកមោងប្ញស្សី ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍ ពេលលោកធ្វើដំណើរដល់ចំណុចខាងលើ ។

លោក ចាន់ សុធី បានបដិសេធ ដែលគេនិយាយថា លោក មូល ធន ជាអ្នកបើកបររថយន្តបុកអ្នកជិះម៉ូតូស្លាប់ ដោយលោកបានបកស្រាយដូច្នេះថា «លោកមូល ធន មិនមែនជាអ្នកបើករថយន្តទេ គឺគាត់មានតៃកុងគាត់ជាអ្នកបើកជូនដំណើរគាត់ទៅបំពេញការងារ»។ សំណួរ៖ តើពេលនេះតៃកុងរថយន្តលោកមូល ធន ត្រូវបានឃាត់ខ្លួនដែរឬទេ ? លោក ចាន់ សុធី ផ្ដល់ចម្លើយវិញថា «តៃកុងរថយន្តគាត់បានរត់គេចខ្លួន ហើយថែម ទាំងបិទទូរស័ព្ទ មិនឲ្យទាក់ទងបានទៀត»។ លោកបន្ថែមថា ពេលនេះភាគីទាំង០២កំពុងជួបចចារគ្នា ដោះស្រាយសំណងហើយ តែមិនទាន់ត្រូវគ្នាទេ។

ការលើកឡើងរបស់លោកនាយការិយាល័យជំនាញខាង លើនេះ ហាក់មិនស៊ីសង្វាក់គ្នានឹងសាក្សីដែលបានឃើញហេតុការណ៍នេះទេ ។ ហើយកាន់តែធ្វើឲ្យមហាជនមានចម្ងល់ថែមទៀតរហូតលើកជាសំណួរ ដោយសំដៅលោកចៅហ្វាយរងខេត្តថា បើលោក មូល ធន មានតៃកុងបើកជូនដំណើរមែន ហើយបុកមនុស្សស្លាប់បែប នេះ ចុះហេតុអ្វីលោកចៅហ្វាយខេត្តរងរូបនេះ មិនព្រមបញ្ជូនតៃកុងរថយន្តរបស់ខ្លួន ឲ្យទៅសមត្ថកិច្ចចាត់ការតាមនីតិវិធី ? ព្រោះលោកជាមន្រ្តីរាជការ ស្គាល់ច្បាប់

ទម្លាប់ច្បាស់ហើយតើ ? ឬលោកឃុបឃិត សមគំនិតបង្គាប់ឲ្យតៃកុងរត់គេចខ្លួន រួចចាំរត់ការដោះស្រាយតាមក្រោយ ? ឬមួយលោកជាអ្នកបើកបរខ្លួនឯងផ្ទាល់ទេដឹង លុះជួយគ្រោះថ្នាក់ បែរជាបង្កើតរឿងបែបនេះ ដើម្បីដោះ បន្ទុក ? ប៉ុន្តែយ៉ាងណាក៏ដោយ មតិមហាជន បានលើក ឡើងថា បើលោកអភិបាលរងខេត្តរូបនេះ មានអ្នកបើក រថយន្តជូនដំណើរលោកមែន លោកគូរតែអញ្ជើញតៃកុងឡានរបស់លោក ឲ្យចូលខ្លួនទៅកាន់សមត្ថកិច្ច ដើម្បីបំភ្លឺ និង ទទូលខុសត្រូវចំពោះមុខច្បាប់ ឲ្យស្មើភាពគ្នាជាមួយនឹងប្រជាពលរដ្ឋដទៃៗទៀតដែរ ដែលបង្កគ្រោះ ថ្នាក់ហើយ ត្រូវសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់។ ព្រោះលោកជាថ្នាក់ដឹកនាំមួយរូបនៅក្នុងរដ្ឋបាលខេត្ត ត្រូវតែគោរពច្បាប់ មិនគូរលាក់បាំងតៃកុងរថយន្តខ្លួននោះទេ។

សម្រាប់មហាជននៅតែមានមន្ទិលសង្ស័យ ទៅលើលោក មូល ធន ថា ចៅហ្វាយខេត្តរងរូបនេះ អាចជអ្នកបើករថយន្តនោះខ្លួនឯងផ្ទាល់ គ្មានតៃកុងណាបើកជូនដំណើរគាត់ទេ៕