សង្គម

ម្ចាស់ផ្ទះភ្ជាប់និងស្ថានីយ៍ប្រេងនៅភូមិព្រែករុនឃុំព្រែកគយ ស្រុកស្អាង មិនព្រមរុះរើផ្ទះបើទោះបីជាអ្នកភូមិក្បែរខាងរុះរើ ដើម្បីស្ថាបនាផ្លូវ

ខេត្តកណ្ដាល÷ តាមប្រភពព័ត៌មានប្រជាពលរដ្ឋរស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ប្រាប់អ្នកកាសែតឲ្យដឹងថា ពួកគាត់មានការមិនពេញចិត្តនិងចំណាត់ការរបស់អាជ្ញាធរស្រុកស្អាង ពាក់ព័ន្ធជាមួយនឹងការកសាងពង្រីកផ្លូវលេខ១២១០ ដោយបានកាត់ចំណីដីផ្ទះរបស់ពួកគាត់ថយក្រោយអស់ហើយ។ នៅឡើយតែផ្ទះដែលបើកស្ថានីយប្រេង តាមបណ្តោយផ្លូវជាតិលេខ២១កែងនិងផ្លូវ១២១០ ដែលមានម្ចាស់ផ្ទះឈ្មោះ ហួ ឡៃផេង អាជ្ញាធរតំរូវឲ្យរុះរើថយប្រវែង២,១០ម៉ែត្រ។ ប៉ុន្តែរហូត មកដល់ពេលនេះផ្លូវក៏ជិតសាងសង់រួចទៅហើយ មិន ឃើញមាន ការកាត់រុះរើថយមកក្រោយ ដូចលំនៅឋានរបស់ពួកគាត់ដែលអាជ្ញាធរតំរូវនោះទេ។

គ្រួសារប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការពង្រីកផ្លូវនេះបញ្ជាក់ថា ផ្លូវលេខ១២១០នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បានចាប់ផ្ដើមកសាងជួស ជុលពង្រីកផ្លូវ តាំងពីខែមីនា ឆ្នាំ២០២២មកម៉្លេះ រហូត មកដល់ពេលនេះ នៅមិនទាន់បានរួចជាស្ថាពរនៅឡើយទេ។ ពួកគាត់ត្អូញត្អែរថា សព្វថ្ងៃនេះ ពួកគាត់ពិបាកក្នុងការរស់នៅណាស់ ដោយក្នុង១ថ្ងៃៗពួកគាត់ត្រូវទ្រាំរស់ នៅជាមួយនឹងធូលីដី ដែលបង្កឡើងដោយក្រុមរថយន្តដឹកថ្ម បើកបរក្នុងលឿនចេញពីការដ្ឋានភ្នំខ្សាក នៅជិតវត្តស្អាងភ្នំ មិនដឹងយកទៅចាក់នៅឯណទេ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រែករុនបានលើកឡើង ថា ការជួសជុលធ្វើផ្លូវនេះមិនបានសម្រេច ដោយដូរចៅហ្វាយស្រុកស្អាង៣នាក់មកហើយ ចម្ងាយផ្លូវតែជាង ៥ គីឡូម៉ែត្រប៉ុណ្ណោះ ធ្វើបីឆ្នាំអត់ហើយ។ អ្វីដែលគេចាប់ អារម្មណ៍គឺលំនៅដ្ឋាន១កន្លែង ដែលសង់ស្ថានីយ៍ប្រេងនៅជាមួយនោះ មិនព្រមរើចេញតាមការកំណត់របស់ច្បាប់ទេដែលនាំឲ្យប្រជាពលរដ្ឋមានមន្ទិលថា ទំនងជាមានឥទ្ធិពលជិតស្និតណាមួយជាមួយលោកអភិបាល ស្រុកស្អាងនោះហើយ។

លោកជឺ គីមហៃ អភិបាលស្រុកស្អាងថ្លែងថា ការសាង សង់ផ្លូវនេះយឺតយូរដោយសារតែក្រុមហ៊ុន គឺមិនមែនដោយសារលំនៅដ្ឋានខាងលើនេះទេ។ យ៉ាងណាក៏ ដោយលោកជឿជាក់ថា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោកនិងចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងផ្លូវនេះឲ្យបានរួចរាល់ឆាប់រហ័ស។

តាមមើលទិដ្ឋភាពជាក់ស្ដែង គឺលំនៅឋានដែលភ្ជាប់ជា មួយស្ថានីយ៍ប្រេងខាងលើនេះហាក់ដូចជានៅកណ្ដាល ផ្លូវតែម្ដង។ ប្រសិនបើអាជ្ញាធរមិនមានលទ្ធភាពដោះ ស្រាយបញ្ហានេះទេក្រុមហ៊ុនធ្វើផ្លូវ មានតែជៀសឬវាងឬធ្វើផ្លូវរួមតូចនៅចំណុចខាងលើ ដើម្បីកុំឲ្យប៉ះពាល់លំនៅឋាននិងស្ថានីយប្រេងនោះតែប៉ុណ្ណោះ។ សម្រាប់ប្រជាពលរដ្ឋក្នុងភូមិដែលបានរុះរើលំនៅដ្ឋាន ដើម្បីរួម ចំណែកជាមួយរាជរដ្ឋាភិបាលធ្វើផ្លូវនេះ ចង់ឃើញឲ្យមានការស្ថាបនាផ្លូវនេះបានរួចរាល់ឆាប់រហ័ស ពីព្រោះការអូសបន្លាយ ធ្វើឲ្យពួកគាត់ត្រូវប្រឈមនឹងបញ្ហាសុខភាពដោយសាររថយន្តដឹកថ្មធ្វើចរាចរណ៍រាល់ថ្ងៃ។

លោកមុឹង យូឡេង ប្រធានមន្ទីរសាធារណៈការនិងដឹក ជញ្ជូនខេត្តកណ្ដាល បានប្រាប់មកកាន់សារព័ត៌មានពេញចិត្តមេឌា និយាយថា ចំពោះការប៉ះពាល់ផ្ទះរបស់លោកស្រីហួរ ឡៃផេង យើងចាំមើលផ្លូវធ្វើទៅដល់សិន តើមានការប៉ះពាល់ដែរឬអត់? បើមិនមានការប៉ះពាល់ទេ យើងក៏មិនតម្រូវឲ្យរុះរើដែរ ចំណែកផ្លូវដែលកំពុងតែធ្វើនោះ ដោយសារតែកញ្ចប់ថវិកាមិនគ្រប់គ្រាន់។ លោកប្រធានមន្ទីរបន្តថា មន្ទីរធ្វើជាដំណាក់កាលហើយសង្ឃឹម ថា នឹងធ្វើបានរួចរាល់ក្នុងឆ្នាំនេះ និងសូមអធ្យាស្រ័យពី សំណាក់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមបណ្ដោយផ្លូវលេខ១២១០ផងនេះ។ ក្រោយពីផ្លូវនេះធ្វើ រួច ប្រជាពលរដ្ឋប្រាកដជាងាយស្រួលប្រកបមុខរបររក ស៊ីចិញ្ចឹមជីវិត ហើយផ្លូវនោះប្រាកដជារឹងមាំទោះជា៣០ ឆ្នាំទៀតក៏មិនអីដែរ។

ការលើកឡើងរបស់លោកប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនគឺជាបច្ចេកទេសមួយស្របច្បាប់។ យ៉ាង ណាក៏ដោយប្រជាពលរដ្ឋដែលបានរុះរើលំនៅដ្ឋានរួច ហើយនោះរំពឹងថា លោកគួច ចំរើន អភិបាលខេត្តកណ្ដាលនិងចំណាយពេលវេលាចុះទៅពិនិត្យមើលដោយផ្ទាល់ថា តើការយឺតយ៉ាវនៃការស្ថាបនាជួសជុលផ្លូវនេះដោយសារអ្វី ហើយលំនៅឋានរបស់ក្រុមគ្រួសារនៃម្ចាស់ស្ថានីយ៍ប្រេងមានភាពស្របច្បាប់ដែរឬទេ ?

ករណីលំនៅឋានរបស់លោកស្រីហួរ ឡៃផេង ដែលរងការរិះគន់ពីប្រជាពលរដ្ឋនៅម្ដុំនោះ អង្គភាពសារព័ត៌មានពេញចិត្តមេឌា បានទាក់ទងតាមទូរសព្ទ ដើម្បីសុំការបំភ្លឺដែរ តែមិនបានជួបនឹងលោកស្រីហួរ ឡៃផេងនោះទេ ដោយកូនស្រីរបស់គាត់ជាអ្នកទទួល ហើយកូនស្រីបានបញ្ជាក់ថា ខ្ញុំមិនអាចបកស្រាយបានទេពាក់ព័ន្ធនឹងបញ្ហានេះ គឺមានតែម្ដាយរបស់ខ្ញុំទេដែលដឹង៕