ភ្នំពេញ÷មនុស្ស៣នាក់ពាក់ព័ន្ធករណីព្យាយាមវាយ ប្រហារមកលើគេហទំព័រក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងបានចូលរួមសកម្មភាពគាំទ្របច្ចេកទេសក្នុងចលនាបំផុសបំផុលប្រឆាំង កិច្ចសហប្រតិបត្តិការតំបន់ត្រី កោណអភិវឌ្ឍន៍ (CLV-DTA)ត្រូវបានចាប់ខ្លួនជាបន្ត បន្ទាប់ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៤ និងបានបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ។
ការឃាត់ខ្លួនជនសង្ស័យដែលសុទ្ធសឹងជាភេទប្រុសនិងជាជនជាតិខ្មែរ បានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពស់ខ្ពស់របស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានបញ្ជាឱ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការស៊ើបអង្កេតស្រាវជ្រាវលើមុខសញ្ញាជនសង្ស័យទាំងបីនាក់នេះ រហូតឈានដល់ការឃាត់ខ្លួនបញ្ជូនទៅតុលាការក្រោមការ សម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ។
អគ្គនាយកដ្ឋានបច្ចេកឌីជីថលនិងផ្សព្វផ្សាយអប់រំ បានបញ្ជាក់ថា ជនសង្ស័យសារភាពថា ខ្លួនពិតជាបានបង្កើត ក្រុមបំផុលបំផុលផ្តល់បច្ចេកទេសចូលរួមក្នុងចលនាប្រឆាំង CLV-DTA និងព្យាយាមវាយប្រហារមកលើគេហទំព័ររបស់ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាពិតប្រាកដមែន។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបង្កើតឆានែលតេឡេក្រាម មានឈ្មោះ “Victim Leaked Cambodia VLC” ដើម្បីប្រើប្រាស់បំផុសបំផុលការចូលរួមវាយប្រហារ (DDoS) ទៅលើគេហទំព័ររបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាពិតប្រាកដមែន។
ជនសង្ស័យទាំងបីនាក់រួមមាន៖ ១. ឈ្មោះ ស.គ.ហ មុខរបរសិស្ស, ២. ឈ្មោះ ថ.ស.រ.ព មុខរបរសិស្ស, និង ៣. ឈ្មោះ ល.ម.ឃ មុខរបរសិស្ស។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានប្រើប្រាស់បច្ចេកទេស (DDoS) ដើម្បីវាយប្រហាររំខានដល់ដំណើរការគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយរបស់ស្ថាប័នរាជរដ្ឋាភិបាលមួយចំនួន ប៉ុន្តែមិនមានការជ្រៀតចូល ឬប៉ះពាល់ដល់ទិន្នន័យណាមួយនោះទេ។
បន្ទាប់ពីកើតហេតុភ្លាមៗ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃអគ្គនាយកដ្ឋានបច្ចេកឌីជីថលនិងផ្សព្វផ្សាយអប់រំ បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បើកការស្រាវជ្រាវ ស៊ើបអង្កេតទើបឈានដល់ការឃាត់ខ្លួនពួកគេ។
ទន្ទឹមនេះដែរ ក្រសួងមហាផ្ទៃ បានក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋទូទៅ ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមសូមចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ និងពិនិត្យពិចារណារលើខ្លឹមសារ ប្រភព ឱ្យបានច្បាស់លាស់មុនពេលបញ្ចេញមតិយោបល់ ឬចែករំលែក៕