ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ គឺជាខួបគម្រប់មួយឆ្នាំគត់ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
រាជរដ្ឋាភិបាលអាណតិទី៧ បានដឹកនាំប្រទេសបន្តវេនពីសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី ដែលបានដាក់ផែនការយុទ្ធសាស្ត្រនិងបានដាក់ចេញគោលនយោបាយ ដ៏ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ, មានចក្ខុវិស័យវែងឆ្ងាយនិង ច្បាស់លាស់ ប្រកបដោយមហិច្ឆតាខ្ពស់ដើម្បីបម្រើប្រទេសជាតិនិងប្រជាជន។ មានសក្តានុពល ថាមពល និងមធ្យោបាយគ្រប់គ្រាន់ និងមានឆន្ទៈ ខ្ពស់ដើម្បីសម្រេចគោលដៅ។ ជាលទ្ធផលរយៈពេល១ឆ្នាំដែលរាជរដ្ឋាភិបាលអាណតិ្តទី៧ ទទួលបានដ៏ធំធេងបំផុតគឺរក្សាបានសន្តិភាព និងស្ថិរភាពនយោបាយ។
នៅក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក ដែលរៀបចំនៅវិមានសន្តិភាពព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាពមានសារៈសំខាន់ណាស់សម្រាប់ជាតិខ្មែរ ហើយថ្ងៃនេះជាខួបមួយឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលថ្មី។ មួយឆ្នាំនេះ រាជរដ្ឋាភិបាលថែរក្សាការពារបានយ៉ាងមុតមាំនៃសុខសន្តិភាព និងស្ថេរភាពសង្គម។
សន្តិភាព គឺពិតជា មានសារៈសំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ សូម្បីតែគ្រួសារអាទិទេព ក៏ត្រូវការ នូវសន្តិភាព សម្រាប់ការជួបជុំមូលត្រកូលគ្នាឡើងវិញ។ ផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃសន្តិភាព និង ឯកភាពជាតិ របស់កម្ពុជា ជាពិសេស បន្ទាប់ពីជោគជ័យដ៏ត្រចះត្រចង់នៃ នយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, កម្ពុជាបានក្លាយជាទីដ្ឋានដ៏កក់ក្តៅ, មានសុវត្ថិភាព សម្រាប់ការវិលត្រឡប់នៃអាទិទេព ដែលជានិមិត្តរូប នៃការបង្រួបបង្រួមដួងព្រលឹងខ្មែរ ។
ទន្ទឹមនេះរាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែតជាប្រមុខ មានភាពរឹងមាំដែល អាចទប់ទល់បានគ្រប់ឧបាយកលដែលចង់បំផ្លាញ កម្ពុជាមិនថាឧបាយកលនោះមកពីខាងក្រៅឬនៅខាងក្នុងប្រទេសឡើយ។
ជាក់ស្តែង កាលពីថ្ងៃទី១៨សីហា មានការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយមធ្យោបាយមិនប្រជាធិបតេយ្យ ប៉ុន្តែឧបាយកលធ្វើបដិវត្តន៍ពណ៌នេះត្រូវបានទប់ស្កាត់ទាំងស្រុង។ បើគ្មានភាពរឹងមាំបែបនេះទេ កម្ពុជានឹងវិលទៅ រកប្រវត្តិសាស្ត្រអតីតកាលតាំងពីយូរ។ ប៉ុន្តែ រាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជាគឺជាអ្នកឈរ ការពារធានាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ភាពសុខសាន្តរបស់ប្រជាជន និងធានាការអភិវឌ្ឍប្រទេសប្រកប ដោយនិរន្តរភាពដោយមិនអនុញ្ញាតឱ្យមានជនណា ក្រុមណាមកបំផ្លាញបានឡើយ។ នេះគឺជាចំណុចខ្លាំងគ្មានគូប្រៀប របស់រាជរដ្ឋាភិបាល ដែលជាទីកក់ក្តៅពិតៗរបស់ប្រជាពលរដ្ឋខ្មែរ។ ស្របគ្នានេះទៀតគឺរាជរដ្ឋាភិបាលអាណតិទី៧ កាលពីថ្ងៃទី៥សីហាបានសម្រេចឈានទៅបើកការដ្ឋានជីកព្រែកហ្វូណនតេជោ ជាប្រវត្តិសាស្ត្រនៅកម្ពុជា ដើម្បីបើកផ្លូវសេដ្ឋកិច្ចជាតិ។
យោងតាមលោកប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលព្រឹកថ្ងៃទី១៩ ខែសីហា បានរៀបចំវេទិកាសារព័ត៌មានលើកទី៤ ស្ដីពី «គោលនយោបាយជាតិ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ រយៈពេល១ឆ្នាំ» ដោយបានបង្ហាញអំពីការបំពេញការងាររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ កន្លងមកនេះ ដើម្បីធានាឱ្យបានកំណើនសេដ្ឋកិច្ច, បង្កើតការងារឱ្យបានកាន់តែច្រើន, សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ, បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តជាក់ស្តែងនូវគោលនយោបាយអាទិភាពគន្លឹះ ចំនួន៥ គឺ ផ្តោតមុខព្រួញទៅលើការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍផ្លូវគមនាគមន៍, ពង្រីកបណ្តាញផ្គត់ផ្គង់ទឹកនិង ភ្លើង ព្រមទាំងបំពាក់បំប៉នបច្ចេកវិទ្យា។
បន្ថែមពីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានប្រែក្លាយកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យទៅជាសកម្មភាពជាក់ស្តែង ដោយបានផ្តល់អោយប្រជាជនខ្មែរជាង៧លាននាក់មានប័ណ្ណសមធម៌និងប័ណ្ណប.ស.ស. ដែលអាចទទួលបានសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ។
យុវជនជាង៥ម៉ឺននាក់បានចូលរៀនដោយឥតបង់ថ្លៃ ក្នុងគម្រោងទទួល១លាន៥សែននាក់។ បានឧបត្ថម្ភដល់គ្រួសារក្រីក្រ ជនពិការភាព ជាង៥ម៉ឺនគ្រួសារនិងផ្តល់មន្ត្រីជំនាញកសិកម្មចុះជួយកសិករបានជាង១១ម៉ឺននាក់ក្នុងគោលដៅបង្កើតសហគមកសិកម្មទំនើប។ ជាមួយគ្នានេះ ក៏បានជួយដល់ប្រជាពលនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយជួយអាជីវកម្មតាមរូបភាពបណ្តុះបណ្តាលជំនាញអាជីវកម្មនិងផ្តល់ប័ណ្ណប.ស.ស.៕