ព័ត៌មានជាតិ

សម្ដេចតេជោរំលឹក ៖ ត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក, ក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ

ភ្នំពេញ ៖ (ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក ជាទ្រឹស្តីនៅតែត្រឹមត្រូវ)ឯទ្រឹស្តី (ក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ) ហាក់លេងស្របជាមួយ សភាពការបច្ចុប្បន្នហើយដែលអាចកែទៅជា (ក្មេងមានកម្លាំង និងស្គាល់ផ្លូវឯចាស់មានបទពិសោធន៍)។

ថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤នេះជាខួបមួយឆ្នាំនៃថ្ងៃជំនាន់ថ្មីចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា ជាមួយការចាកចេញរបស់ U.90 U.80 និង U.70 សំដៅដល់អ្នកមាន អាយុជាង៨០ ជាង៧០ និងជិត៧០ឆ្នាំ។

ជំនាន់ថ្មីបានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវដែលខ្ញុំសូមលើកតែចំណុចគន្លឹះមកកត់សំគាល់គឺ៖

១. រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម។
២. រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។
៣. រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។
៤. ប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។

បទពិសោធន៍របស់ខ្ញុំ សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រទេសមួយ។

ខ្ញុំនិងថ្នាក់ដឹកនាំផ្សេងទៀតចាកចេញដោយបន្សល់ទុកឲ្យជំនាន់ថ្មី មានសាច់ប្រាក់គ្រប់គ្រាន់ប្រើប្រាស់ច្រើនខែ ហើយជំនាន់ថ្មីក៏មិនមែនជា ស្រីជញ្ជើធ្លុះនោះឡើយ ពួកគេខិតខំប្រមូលចំណូលដើម្បីបំរើឲ្យការចំណាយដែលចេះតែកើនឡើង និងរក្សាបាននូវសាច់ប្រាក់ក្នុងរតនាគារមិនឲ្យថយចុះ។

ខ្ញុំដាក់អំរែកចុះបន្ទាប់ពីបំពេញការងារខាងនីតិប្រតិបត្តិរយៈពេលជាង៤៤ឆ្នាំ ក្នុងនោះកាន់មុខតំណែងជានាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ មានពេលសមល្មម ដើម្បីរក្សាសុខភាពក្នុងវ័យ៧២ឆ្នាំ។ កិច្ចការសព្វថ្ងៃនៅប្រមាណ 50% ប្រៀបធៀបពេលធ្វើកិច្ចការជានាយករដ្ឋមន្ត្រី។

ពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូតហើយ៕