ខេត្តមណ្ឌលគិរី÷ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោក ជា តារា អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដឹកនាំប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា និងមន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃកែវសីមា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ស្រុក ស្ដីពីការស្វែងយល់ពីសក្ដានុពលធនធានវប្បធម៌និងដំណើរការរៀបចំ គ្រប់ គ្រងតំបន់អភរក្សបេតិកភណ្ឌវប្បធម៍ និងធម្មជាតិរបស់សហគមន៍ជនជាតិដើមភាគតិចព្នងនៅក្នុងដែនជម្រក សត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោក ងិន សុវិមាន អភិបាលខេត្តមណ្ឌលគិរី ដោយ មានរបៀបវារៈសំខាន់គឺ៖ ចូលរួមយុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេនៅសាលាស្រុកកែវសីមាដោយមានអ្នកចូលរួមសរុបចំនួន ១២៥ នាក់។
តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា» ដែលផ្តួចផ្តើមដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។តួលេខ នៃសន្ទុះចូលរួមមិនប្រើប្រាស់ថង់ប្លាស្ទិក ចំពោះសិស្សា នុសិស្សជាង២លាននាក់ ត្រឹមរយៈពេលជាង១ខែ តាម រយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» របស់ ក្រសួងបរិស្ថាន។ ដោយពួកមិនប្រើប្រាស់ថង់ប្លាស្ទិកនេះ ១ ឬ២ ដងក្នុង ១សប្តាហ៍ ដូច្នេះថង់ប្លាស្ទិក ប្រមាណជាង ៨លានថង់ មិនត្រូវបានប្រើប្រាស់នៅក្នុង ១សប្តាហ៍។
តាមរយៈយុទ្ធនាការនេះ ប្រជាជនកម្ពុជា បានរិះរកវិធីសាស្រ្តខុសប្លែកពីគ្នា ដើម្បីសម្របខ្លួនដោយងាកមកប្រើសម្ភារផ្សេងៗទៀតជំនួសការប្រើប្រាស់ផ្លាស្ទិក។ ដូច្នេះ ប្រសិនបើផ្នត់គំនិតរបស់ប្រជាជនកម្ពុជា ទាំង១៧លាននាក់ កាត់បន្ថយ ឬនាំគ្នាបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិកនោះនឹងធ្វើឱ្យប្រទេសកម្ពុជា មានសម្រស់ស្អាត មានអនាម័យ គ្មានការបំពុលទឹកដោយសារប្លាស្ទិកជាដើម។
ការសម្អាតសំរាម សំណល់ប្លាស្ទិក គឺជាបេសកកម្មរួមគ្នាទាំងប្រជាពលរដ្ឋក្នុងតំបន់អាស៊ាន និងនៅទូទាំងសកលលោក ពីព្រោះថាបរិស្ថាននៅជុំវិញយើងគ្រប់គ្នា ហើយឥតដែនកំណត់នោះទេ។ បន្ថែមពីនេះសំរាមជាសំណល់ប្លាស្ទិកប្រមាណជិត៤០ពាន់តោន (៣៧,០០០ តោន) បានបង្កឱ្យមានភាពកខ្វក់ទៅក្នុងទន្លេមេគង្គ ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់ស្រោចស្រពដំណាំកសិកម្ម និងសម្រាប់មនុស្ស សត្វ ហើយរួមទាំងមានប្រព័ន្ធអេកូឡូស៊ីផងដែរ។
ចំពោះការចូលរួមសម្អាតសំរាម សំណល់ផ្លាស្ទិក ពីសំណាក់ប្រជាពលរដ្ឋគ្រប់រូបនឹងនាំនូវភាពស្អាតរបស់ប្រទេសកម្ពុជា ដែលជាសម្រស់ដ៏ទាក់ទាញស្រូបទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកម្ពុជាផងដែរ។ លើសពីភាពស្អាត ការដាំ និងស្តារព្រៃឈើ ដើម្បីភាពបៃតង នឹងរក្សាបាននូវអព្យាក្រឹតកាបូន ដែលជាចំណែកនៃការរកប្រាក់ចំណូលបន្ថែមរបស់ប្រជាសហគមន៍ នឹងជួយឱ្យមានការអភិវឌ្ឍដោយចីរភាព។
យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជ រដ្ឋាភិបាល នីតិកាលទី៧ រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងដោយផ្អែកលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ដើម្បីតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ២០៥០»។
តាមរយៈការបញ្ជ្រាបនូវចំណេះដឹងគុណតម្លៃរបស់បរិស្ថាន ជាពិសេសការផ្សព្វផ្សាយពីហានិភ័យនានាដែលបង្កឡើងដោយសំណល់ប្លាស្ទិក ពីសំណាក់ក្រសួងបរិស្ថាន អាជ្ញាធររាជធានី-ខេត្ត អង្គការដៃគូនានា ព្រមទាំងក្រុមឯកជនមួយចំនួននោះ បច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណៈបានយល់ដឹង និងបានកែប្រែឥរិយាបថរបស់ខ្លួនដោយចូលរួមកាត់បន្ថយការខ្ចប់ទំនិញជាមួយនឹងសម្ភារៈដែលធ្វើពីប្លាស្ទិក ដោយពួកគាត់ងាកមកប្រើប្រាស់សម្ភារធ្វើពីឫស្សី ក្រដាស ឬសម្ភារៈផ្សេងៗទៀតដែលឆាប់រលាយជាដើម៕