ព័ត៌មានជាតិ

ក្រសួងព្រះបរមរាជវាំងថ្កោលទោស​ជនអនាមិក ដែលបង្កើតបណ្តាញសង្គមក្លែងបន្លំ ប៉ះពាល់ព្រះកិត្តិនាមព្រះមហាក្សត្រ

ក្រសួងព្រះបរមរាជវាំង បានប្រកាសដាច់អហង្ការ និងថ្កោលទោសចំពោះជនអនាមិក ដែលបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម មានឈ្មោះ “ព្រះបរមរាជវាំង Royal Palace of Cambodia” និង”យុវជនក្រោមម្លប់ព្រះមហាក្សត្រ” ដែលចេញផ្សាយធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិ ។

សេចក្ដីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង ចេញផ្សាយថ្ងៃទី១៩ សីហា បានបន្ថែមថា ការប្រព្រឹត្តបែបនេះ គឺជាការបំពានច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា “ អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ” ។ អាស្រ័យលើព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមខាងលើនេះ សង្គមជាតិកម្ពុជាទាំងមូល កំពុងទទួលបានសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។

ក្រសួងព្រះបរមរាជវាំង ក៏បានប្រកាសដាច់អហង្ការថា ចំពោះបណ្តាញទំនាក់ទំនងសង្គមខាងលើ មិនមែនជាផេកផ្លូវការរបស់ក្រសួងព្រះបរមរាជវាំងនោះឡើយ ។

ទន្ទឹមនេះ ក្រសួងព្រះបរមរាជវាំង សូមអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុតតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជា ណាចក្រកម្ពុជា៕