សង្គម

ទីតាំងសន្និធិកែច្នៃអនុផលព្រៃឈើ១កន្លែងនៅក្រុងបានលុងគ្មានច្បាប់អនុញាត តែមន្ត្រីជំនាញនិងអាជ្ញាធរពុំមានវិធានការទាល់តែសោះ

ខេត្តរតនគិរី÷ ទីតាំងសន្និធិ កែច្នៃអនុផលព្រៃឈើ(វល្លិឈាម)១កន្លែងស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ពុំមានច្បាប់អនុញាត តែមន្ត្រីជំនាញនិងអាជ្ញាធរហាក់ដូចពុំមានវិធានការទាល់តែសោះ។ ការប្រមូលទិញអនុផលព្រៃឈើប្រភេទនេះ បានធ្វើឲ្យបាត់បង់ព្រៃឈើជាច្រើននៅមូលដ្ឋាន ពីព្រោះប្រជាពលរដ្ឋ ដើម្បីបានវល្លិ៍ប្រភេទនេះមកលក់ឲ្យក្រុមឈ្មួញវៀតណាម គឺត្រូវកាប់រំលំដើម ឈើទាំងតូច ទាំងធំដែលវល្លិនេះតោង។ ដូច្នេះចំពោះករណីខាងលើនេះស្ថាប័ន ជំនាញនិងអាជ្ញាធរគួរតែមានវិធានការជាក់ស្តែង បើពុំនោះទេ ព្រៃឈើនឹងទទួលនូវការបាត់បង់យ៉ាងខ្លាំង បើប្រៀបធៀបតម្លៃសេដ្ឋកិច្ចដែលក្រុមឈ្មួញវៀតណាមប្រមូលទិញគឺតម្លៃក្នុង១គីឡូក្រាម ៤០០-៦០០រៀលតែប៉ុណ្ណោះ។

តាមប្រភពរាយការណ៍ថា ថៅកែជនជាតិវៀតណាមជាអ្នកបោះទុនវិនិយោគ នៅក្នុងការឈរចាំទិញវល្លិ៍ឈាមនេះនៅក្រុងបានលុង ។ ជាងនេះទៅទៀតទីតាំងសន្និធិនោះទៀតសោត ក៏មិនមានច្បាប់ទម្លាប់អនុញ្ញាតដោយស្ថាប័នជំនាញនោះដែរ។ អាចនិយាយបានថា វាគ្រាន់តែជាការត្រូវរូវគ្នា របស់ពួកអាជ្ញាធរមានសមត្ថកិច្ចនៅថ្នាក់មូលដ្ឋានសង្កាត់តែប៉ុណ្ណោះ។ ករណីនេះគួរ តែអាជ្ញាធរថ្នាក់ជាតិ ជាពិសេសក្រសួងកសិកម្ម និងក្រសួងបរិស្ថានពិនិត្យមើលឲ្យបានច្បាស់លាស់។ ក្រសួងបរិស្ថាន ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់ថា តើដំណើរការនៃការកាប់បំផ្លាញវល្លិ៍ឈាម ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដែរឬទេ? ពីព្រោះតម្លៃដែលបានមកពីការកាប់បំផ្លាញវល្លិ៍ឈាមនោះតិចតួចខ្លាំងណាស់។

បច្ចុប្បន្នវល្លិ៍ប្រភេទនេះមានដុះច្រើនក្នុងតំបន់ព្រៃស្រោង ពាក់កណ្តាលព្រៃស្រោងនៃឧទ្យានជាតិវីរជ័យ នៃស្រុកវ៉ើនសៃនិងដែនជម្រកសត្វព្រៃលំផាត់ ដែលតំបន់ទាំង២ គ្រប់គ្រងផ្ទាល់ដោយមន្ទីរបរិស្ថានខេត្តរតនគិរី។ ស្ថាប័នជំនាញនេះហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះដំណើរទៅរកមហន្តរាយនៅធនធានធម្មជាតិនេះឡើយ។ បើពុំមានវិធានទប់ស្កាត់ឲ្យទាន់ពេលវេលានោះទេព្រៃឈើនៅតំបន់ទាំង២ខាងលើនេះនឹងត្រូវវិនាសបាត់បង់។ ប្រភពបានឲ្យដឹងថា សកម្មភាពកាប់វល្លិ៍ឈាមនេះមហន្តរាយយ៉ាងខ្លាំងចំពោះធនធានធម្មជាតិផ្សេងទៀត។ ប្រការនេះគួរតែមានការសិក្សាឲ្យបានស៊ីជម្រៅច្បាស់លាស់និងជាពិសេសត្រូវធ្វើច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវ។

ទាក់ទិនទៅនឹងទីកន្លែងសន្និធិ កែច្នៃ (វល្លិ៍ឈាម)នៅក្រុងបានលុងនេះដែរ លោកសយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរីឱ្យដឹងថា ទីតាំងប្រមូលទិញអនុផលព្រៃឈើខាងលើនេះមាន ច្បាប់អនុញាត ប៉ុន្តែពុំមានច្បាប់ធ្វើអាជីវកម្មអនុផលព្រៃ ឈើ(វល្លិឈាម)និងដឹកទៅលក់នៅប្រទេសវៀតណាមទេ។ លោកប្រធានមន្ទីរ ជំរុញឲ្យសួរទៅលោកហុង ភា នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរីបន្ថែមទៀត៕