សង្គម

ជនជាតិវៀតណាម២៨នាក់ត្រូវបានបណ្តេញចេញពីកម្ពុជាក្រោយក្លែងបន្លំលិខិតឆ្លងដែន និងរកស៊ីខុសច្បាប់

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ជនជាតិវៀតណាមសរុបចំនួន២៨នាក់ត្រូវបានឃាត់ខ្លួន និងបានបណ្តេញចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្រោយរកឃើញថាបានពាក់ព័ន្ធទៅនឹងការក្លែងបន្លំលិខិតឆ្លងដែន និងចូលមករកស៊ីខុសច្បាប់នៅកម្ពុជា។

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោយបទបញ្ជា និងអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងឃាត់ខ្លួនបានជនជាតិវៀតណាមសរុបចំនួន២៨ នាក់ក្នុងនោះមានស្រ្តីចំនួន៦នាក់។ ក្រោយការស្រាវជាវបានរកឃើញថា​ ជនជាតិវៀតណាមទាំងនោះបានពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន អ្នកកាន់កាប់ល្បែងស៊ីសង និងអ្នកចាត់ចែងល្បែងស៊ីសងនៅក្នុងប្រទេសកម្ពុជា (ល្បែងអនឡាញ)។​

ជាមួយគ្នានោះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញចេញជនជាតិវៀតណាមទាំងនោះពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការស្រាវជ្រាវ និងបណ្តេញចេញនូវជនជាតិវៀតណាមសរុបចំនួន ៣៣នាក់ ស្រី០៥នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងបទល្មើសគ្រឿងញៀនប្រព្រឹត្តនៅប្រទេសវៀតណាម៕