ព័ត៌មានជាតិ

ព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ “Gumball 3000 Rally” នឹងរួមចំណែកក្នុងការផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់កម្ពុជា

ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជាកាលពីពេលថ្មីៗនេះ លោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 បានបង្ហាញអំពីចំណាប់អារម្មណ៍ចំពោះវប្បធម៌សម្បូរណ៍បែប ភាពស្រស់ស្អាតនៃប្រាង្គប្រាសាទនានារបស់កម្ពុជា និងសុខសន្តិភាពនៅកម្ពុជា។ បើតាមលោក Maximillion ក្នុងឱកាសប្រារព្ធខួប២៥ឆ្នាំរបស់ខ្លួន ព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ “Gumball 3000 Rally” ដែលអ្នកចូលរួមសុទ្ធសឹងជាបុគ្គលល្បីៗ មកពីជាង៥០ប្រទេស នឹងឆ្លងកាត់ប្រទេសកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។ ព្រឹត្តិការណ៍នេះនឹងរួមចំណែកក្នុងការផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្វាគមន៍ និងគាំទ្រការរៀបចំនូវព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះនៅកម្ពុជា ហើយថា អាជ្ញាធរ និងដៃគូពាក់ព័ន្ធកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងចូលរួមក្នុងព្រឹត្តិការណ៍នេះ និងការត្រៀមបដិសណ្ឋារកិច្ច ដ៏កក់ក្តៅ និងការស្វាគមន៍យ៉ាងរាក់ទាក់ របស់ប្រជាជនខ្មែរ ។

សម្តេចធិបតីក៏បានអរគុណ មូលនិធិ Gumball 3000 Rally ដែលបានចូលរួមចំណែកក្នុងការគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ និងគ្រោងជួយសាលាបណ្តុះបណ្តាលកីឡានៅកម្ពុជា ផងដែរ។

សូម​បញ្ជាក់ថា ក្រុមហ៊ុន Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយជនជាតិអង់គ្លេស គឺជាម៉ាកយីហោដ៏ល្បីផ្តោតលើការរៀបចំព្រឹត្តិការណ៍ ការកម្សាន្ត និងរបៀបរស់នៅបែបប្រណិតភាព៕

default