ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ ដែលរស់នៅ ភូមិកាប់គោ សង្កាត់ចំការសំរោង ខេត្តបាត់ដំបង ហាក់ដូចជាមានការព្រួយបារម្ភ អំពីទីតាំងល្បែង កត់ឆ្នោតវៀតណាម ដែលមាននៅក្នុងមូលដ្ឋាន បើទោះបីជាមានការហាមឃាត់មិនអោយមាន ទីតាំងល្បែង ស៊ីសង ជាពិសេស ឆ្នោតវៀតណាម ពីប្រមុខរាជរដ្ឋាភិបាល ក៏ដោយ ក៏ទីតាំង ល្បែងស៊ីសងមួយកន្លែងកំពុងបើកដំណើរការកត់ឆ្នោតវៀតណាមបានយ៉ាងរលូន ដោយមិនរំខានអ្វីដល់ សមត្ថកិច្ចនោះទេ។
បើទោះបីជាលោកអភិបាលខេត្តបាត់ដំបង ប្រឹងស្រែក ឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវតែបង្ក្រាបជាដាច់ខាតនូវល្បែងស៊ីសង និងបញ្ហា គ្រឿងញៀន ក្នុងមូលដ្ឋានខេត្តបាត់ដំបងអោយអស់ក៏ដោយ ក៏គេសង្កេតឃើញថា ទីតាំងឆ្នោតវៀតណាម នៅតែបន្តបើកដំណើរការ ស្វាគមន៍អតិថិជន មកពីគ្រប់មជ្ឈដ្ឋានបាននៅឡើយទេ នៅភូមិសាស្ត្រ ភូមិកាប់គោ សង្កាត់ចំការសំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបង ដើម្បីកើបលុយរាប់លានក្នុងមួយថ្ងៃៗពីក្រុមអ្នកញៀនល្បែងផ្សងសំណាងប្រភេទនេះ។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ បានសំណូមពរ ដល់សមត្ថកិច្ច ជាពិសេសឯកឧត្តមស្នងការខេត្ត និងឯកឧត្តមអភិបាលខេត្ត ចុះពិនិត្យទីតាំងល្បែង មួយកន្លែងដែលផ្ទុយពីច្បាប់ និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេស សារាចរណ៍ណែនាំ របស់
សម្តេចបវធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះបានដាក់បទបញ្ជាឲ្យពង្រឹងការបង្ក្រាប បិទល្បែងស៊ីសងអនឡាញគ្រប់ប្រភេទ។
ពាក់ព័ន្ធនិងករណីទាំងតាំងល្បែងស៊ីសងខាងលើនេះ មហាជនបានសំណូមពរដល់ អាជ្ញាធរ មេត្តាពិនិត្យនិងចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ចុះមកបង្រ្កាបទីតាំងល្បែងស៊ីសង ខាងលើនេះ ដើម្បីអនុវត្តនូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា៕