ថ្មីៗនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) សេចក្តីជូនដំណឹងចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានធ្វើបច្ចុប្បន្នភាព និងបានរកឃើញក្រុមហ៊ុន/គម្រោង ចំនួន៣ ទៀត ដែលប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណ។ ក្នុងនោះនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.)បញ្ជាក់ច្បាស់ថា ក្រុមហ៊ុនដីឡូតិ៍ទីក្រុងមាស ឯ.កទីតាំងភូមិទានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ធ្វើប្រតិបត្តិការគ្មានច្បាប់អនុញាត្តិទេ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្រុមហ៊ុនដីឡូតិ៍ ទីក្រុងមាស ឯ.ក ទីតាំងភូមិទានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយបានប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍គ្មានអាជ្ញាបណ្ណពី ន.អ.ប. នោះឡើយ។ នៅសេចក្តីជូនដំណឹង និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានអំពាវនាវដល់សាធារណជនទាំងអស់ សូមកុំចូលរួមអាជីវកម្ម ឬ ពាក់ព័ន្ធជាមួយគម្រោងដីឡូតិ៍នេះ និងគម្រោងដីឡូតិ៍២ផ្សេងទៀត ដែលមានឈ្មោះនៅក្នុងតារាងសេចក្ដី ជូនដំណឹងខាងលើ។ ព្រោះក្រុមហ៊ុន និងគម្រោងដីឡូតិ៍នេះខុសច្បាប់។
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក៏បានក្រើនរំឭកប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត ក្នុងការចូលរួមធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអភិវឌ្ឍខាងលើ ដែលអាចធ្វើឱ្យខាតបង់ប្រយោជន៍ជាដើម។ នេះជាអ្វីដែលនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) ជូនដំណឹងទៅដល់ប្រជាពលរដ្ឋជាពិសេសអ្នកពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនខាងលើត្រូវមានការប្រុងប្រយ័ត្នកុំចាំដល់គេមានបញ្ហាស្រែកទ្រហោរកយុត្តិធម៌។
រហូតដល់ពេលនេះមិនមានប្រតិកម្មណាមួយពីក្រុមហ៊ុនខាងលើនេះទេ។ មិនតែប៉ុណ្ណោះពួកគេកំពុងដំណើរការទាំងបំពានច្បាប់ថែមទៀតផង។ ដូច្នេះប្រជាពលរដ្ឋតែពាក់ព័ន្ធនឹងការទិញលក់ដីនៅមូលដ្ឋានខាងលើជាមួយ នឹងក្រុមហ៊ុនដីទីក្រុងមាសស្ថិតនៅក្នុងស្រុកកំចាយមារខេត្តព្រៃវែង ត្រូវសម្របសម្រួលដោះស្រាយបញ្ហាដោយម្ចាស់ការរៀងខ្លួន។ ប្រជាពលរដ្ឋដែលទិញដីនៅក្នុងមូលដ្ឋានខាងលើជាមួយនឹងក្រុមហ៊ុនត្រូវសួរនាំចៀស វាងចាញ់បោកឈ្មួញក្រុមហ៊ុនឯកជន៕